នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ចាក​ចេញ ទៅ​ប៊ែ​ល​ហ្សិ​ក ទួ​ក​គី និង​ស្វី​ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 October, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​តាម​ទំព័រ​ហ្វេ​សបុ​កនា​ព្រឹក​ថ្ងៃនេះ​ថា នា​យប់​ថ្ងៃទី​១៦ ខែតុលា នេះ សម្តេច​នឹង​ចាក​ចេញពី​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១២ នៅ​ប្រទេស​បែ​ល​ហ្សិ​ក មុននឹង​បន្តធ្វើ ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក​គី និង​បន្ទាប់មកទៀត​នឹង​ទៅ ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​

​ជាមួយនឹង​ការបញ្ជា​ក់នូវ​បេសកកម្ម​ក្រៅប្រទេស ៣​ប្រទេស​ជាប់ៗ​គ្នា​នេះ សម្តេច នាយករដ្ឋមន្ត្រី បានបញ្ជាក់​យ៉ាង ដូច្នេះ​ថា «​ក្រឡេកមើល​កម្មវិធី​ការងារ​នៅក្រៅ​ប្រទេស​លើក​នេះ​ពិតជា​មមារ​ញឹក​ស្ទើរតែ​រក​ពេលបាយ​មិនឃើញ ប្រជុំ​ផង ជំនួប​ទ្វេភាគី​ផង តែ​ខ្ញុំ​ពេញចិត្ត​នឹងធ្វើ​កិច្ចការ​នេះ ព្រោះ​ជា​ប្រយោជន៍​ជាតិ​យើង​។ ការងារ​មួយ​ដែល​ខ្ញុំ​មិនអាច​បោះបង់ ចោល​បាន គឺ​ជួប​បងប្អូន​ប្រជាជន និង​និ​សិ​ត្ស​ខ្មែរ​ដែល​កំពុង​រស់នៅ​និង រៀនសូត្រ​នៅ​អឹ​រ៉ុ​ប ដែល​បងប្អូន​កូនក្មួយ​កំពុង​រង់ចាំ​ខ្ញុំ នៅ​ទីនោះ​។

​សូមជម្រាបថា នា​វេលា​ម៉ោង ១២ និង ២០​នាទី ឈានចូល​ថ្ងៃទី ១៧ តុលា ២០១៨ សម្តេច​នឹង​ចាក​ចេញពី​កម្ពុជា ឆ្ពោះទៅកាន់​ប្រទេស​បែ​ល​ហ្សិ​ក ដែលជា​ទីកន្លែង​ត្រូវ​ប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១២ ហើយ​បន្ទាប់ពី​ប្រជុំ​អាស៊ី​អឺរ៉ុប សម្តេច​នឹងធ្វើ​ទស្សនៈកិច្ច​នៅ​ប្រទេស​តួ​ក​គី ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី ២២ តុលា​។ ក្នុង​ថ្ងៃទី ២២ តុលា ដដែល​សម្តេច​នឹង ត្រូវ​ចេញពី​ប្រទេស​តួ​ក​គី មក ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដើម្បី​ចូលរួម​សន្និសីទ​ស្តីពី​ពាណិជ្ជកម្ម នឹងមាន​គំរោង​ចាកចេញ ពី​ប្រទេស​ស្វី​ស​នៅ​យប់​ថ្ងៃទី ២៤ តុលា ដែល​នឹង​វិលត្រឡប់​មកដល់​កម្ពុជា​វិញ​នៅ​ថ្ងៃទី ២៥ តុលា ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី ស្តីពី​សេចក្តី​ពី​ការព្រាង ច្បាប់​ថវិកា​សម្រាប់​ការ គ្រប់គ្រង​ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី ២៦ តុលា ២០១៨៕​