ដុត​ផាវ​ចងភ្ជាប់​កំប៉ុង​ហ្គាស គប់​ចូល​បំផ្ទុះ​ក្នុងផ្ទះ តែ​មិនបាន​សម្រេច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 October, 2018 ក+ ក-

​បាត់ដំបង ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​យក​កំប៉ុង​ហ្គាស ចងភ្ជាប់​ជា​មូ​យ​ផាវ​គ្រាប់បែក រួច​ដុត​បញ្ឆេះ​ផាវ ហើយ​គប់​សំដៅ​ចូលទៅ​ក្នុងផ្ទះ​ជនរងគ្រោះ​ម្នាក់​ដែល​នៅផ្ទះ​ជាប់​គ្នា តែ​ត្រូវ​ម្ចាស់ផ្ទះ​ស្ទុះ​ទៅ​ពន្លត់​បាន​ទាន់ពេល​។​

​ករណី​ប៉ុនប៉ង​ហិង្សា​ដ៏​ឃោ​ឃៅ​នេះ ធ្វើឡើង​ទៅលើផ្ទះ​ជនរងគ្រោះ ឈ្មោះ ម៉ៅ វ​ណ្ណី ភេទ​ស្រី ស្ថិតនៅក្នុង​ក្រុមទី​៦ ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង នៅវេលា​ម៉ោង ១ និង​៣០​នាទី រសៀល ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ ។​

​តាម​មន្ត្រី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនបង្ក​ហេតុ​ឈ្មោះ ចំរើន ឆេង​ឡា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​ខាងលើ ផ្ទះ​ជាប់​គ្នា​នឹង​ផ្ទះ​ជនរងគ្រោះ បាន​យក​កំប៉ុង​ហ្គាស​តូច​មួយ ចង​រុំ​ជាប់​ជាមួយនឹង​ផាវ​គ្រាប់បែក​មួយគ្រា​ប់ ហើយ​ដុត​ផាវ​នោះ​ឲ្យ​ឆេះ​រួច​បោះ​សំដៅ​ចូលទៅក្នុង​ផ្ទះ​របស់​ជន​រងគ្រោះ​ឈ្មោះ ម៉ៅ វ​ណ្ណី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ក្នុងពេលដែល​ស្ត្រី​រងគ្រោះ កំពុង​អង្គុយ​លាងចាន​តែម្នាក់ឯង​។ ពេល​ឃើញ​ផាវ​ឆេះ​ដូច្នេះ ស្ត្រី​ម្ចាស់ផ្ទះ ក៏​យក​ទឹកសាប៊ូ​ទៅ​ជះ​ពន្លត់​ផាវ​។ ក្រោយ​ពេលដែល​ឃើញ​ស្ត្រី​រងគ្រោះ​ពន្លត់​ផាវ​នោះ​រួចហើយ ជនសង្ស័យ​ក៏បាន​រត់​ទៅយក​កូនកាំបិត​ចុង​ស្រួច មក​គំរាម​ចាក់​សម្លាប់​ជនរងគ្រោះ​បន្ថែមទៀត តែ​មិនបាន​សម្រេច​។​​ប្រភព​ដដែល​បន្តថា ករណី​ហិង្សា​នេះ ដោយសារ​ជនសង្ស័យ និង​ជនរងគ្រោះ ធ្លាប់​មានទំនាស់​ជាមួយគ្នា ។

​បច្ចុប្បន្ន កម្លាំង​នគរបាល​ក្រុង​បាត់ដំបង បាន​ឃាត់ខ្លួន​ជនបង្ក​ហេតុ និង​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕ ដោយ ៖ សុផល​