​អាជ្ញាធរ​សង្កាត់​វត្ត​គរ បិទ​ភ្នែក​ឲ្យ​ឈ្មួញ អេង ហេង ជីក​អាចម៍ដី​លក់​ជម្រៅ​ដល់​ក្បាល​ប្រែ​ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 October, 2018 ក+ ក-

​បាត់ដំបង ៖ អាជីវកម្ម​ជីក​យក​អាចម៍ដី​លក់​នៅ​ក្រុង និង​ខេត្តបាត់ដំបង កើតមាន​យូរហើយ តែ​បច្ចុប្បន្ននេះ រណ្តៅ​ដី​របស់​ឈ្មោះ ហេង អេង ហាក់ដូចជា​លេចធ្លោ​ជាងគេ គឺមាន​ជម្រៅ​ប្រមាណ​ជាង ៣០​ម៉ែត្រ តែ​អាជ្ញាធរ​តាំងពី​ថ្នាក់ភូមិ សង្កាត់​រហូតដល់​ខេត្ត ទំនងជា​ត្រូវ​ថ្នាំ​សណ្តំ​សំងំ​ឈឹង ផ្តល់ឱកាស​ឲ្យ​ឈ្មោះ ហេង អេង បន្ត​ជីក​ស្ទើរ​ហួស​ក្បាល​ប្រែ​តទៅទៀត​។

​នេះ ជាការ​អះអាង​បញ្ជាក់ របស់​បុរស​ចំណាស់​ម្នាក់​ដែល​ប្រាប់ថា គាត់ ជា​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ខាងលើនេះ​។​
​បុរស​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ បាន​រិះគន់​ធ្ងន់ៗ​ថា អាជីវកម្ម​លក់​អាចម៍ដី និង​ជីក​ជម្រៅ​ហួស​ពី​គោលការណ៍​កំណត់​របស់​ឈ្មោះ ហេង អេង បាន​កើតឡើង​យូរហើយ តែ មិន​រំខាន​ដល់​អាជ្ញាធរ​មូលដ្ឋាន ឃុំ សង្កាត់ ឬ​ក្រុង​បាត់ដំបង នោះឡើយ​។ ករណី​មិន​អើពើ​នេះ ត្រូវបាន​បុរស​ចំណាស់​រូបនេះ​ចាត់ទុក​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្តបាត់ដំបង​« ជា​មន្ត្រី​គ្រាប់​ល្ពៅ » ចាំតែ​ឆ្លៀតឱកាស​កេងចំណេញ​ក្នុង​អំពើពុករលួយ ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​ជាប់ដៃ​ក្នុង​កិច្ច​ការទូត និង​កិច្ចប្រជុំ​កំពូលៗ​នៅក្រៅ​ប្រទេស​។​

​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ នេះ ក្រុមការងារ​ព័ត៌មាន បាន​ចុះទៅ​ដល់ទី​តាំង​ជីក​យក​អាចម៍ដី​លក់​មួយកន្លែង នៅក្នុង​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ដែល​គេ​ស្គាល់​ថា ជា​របស់​ឈ្មួញ​ឈ្មោះ ហេង អេង ឃើញថា មាន​ជម្រៅ​ជ្រៅ​ដែល​មើលទៅ​គួរ​ឲ្យ​ភ័យខ្លាច ដូច​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ប្រាកដ​មែន​។​

​បុរស​ចំណាស់​ដដែល បាន​ពន្យល់ថា រឿង​ប៉ុណ្ណឹង មិនមែន​រដ្ឋអំណាច​ធ្វើ​មិនកើត​នោះទេ តែ​អំពើពុករលួយ វា​បានធ្វើ​ឲ្យ​មន្ត្រី​គ្រាប់​ល្ពៅ​បិទ​ភ្នែក មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ ឬ​កូនចៅ​ប្រជាពលរដ្ឋ ដែល​អាច​ធ្លាក់​ក្នុង​រណ្តៅ​ដ៏​ជម្រៅ​នោះ នា​រដូវវស្សា​ដែលមាន​ទឹក​ជន់​លិច​។

​បុរស​ចំណាស់​ដដែល​បន្តថា ឈ្មួញ ហេង អេង គេ​មិន​ខ្លាច​នឹង​ជះ​លុយ​ដើម្បី​បិទបាំង​ទង្វើ​ល្មើស​ក្នុង​អាជីវកម្ម​នោះឡើយ ព្រោះថា គេ​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ក្នុង​តម្លៃថោកៗ ហើយ​ជីក​យក​អា​ចម៍លក់​ក្នុងតម្លៃ​ថ្លៃ ។ ក្រោយពេល​ជីក​លក់​អស់ចិត្ត​ហើយ គេ​ប្រកាស​លក់​រណ្តៅ​ដី​ក្នុងតម្លៃ​មួយ​ផ្សេងទៀត ហើយ​អាច​លក់​ថ្លៃ​ជាង​ធម្មតា ដោយសារ​នៅ​រដូវវស្សា រណ្តៅ​ដី​នោះ នឹង​ក្លាយទៅជា​បឹង គឺ​ប្រៀប​បីដូច​ជាការ​លក់​បឹង​មួយ​យ៉ាង​ធំ​ដូច្នោះ​ដែរ​។​

​គួរ​ជម្រាប​ផងដែរ​ថា រណ្តៅ​ដី​របស់​ឈ្មោះ ហេង អេង នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ត្រូវបាន​គេ​ដាក់​រហស្សនាម​ថា «​បឹង​សែន​ត្រជាក់​» ប៉ុន្តែ​ដោយសារ បឹង​សែន​ត្រជាក់ របស់​ឈ្មួ្ញ​ញ ហេង អេង នោះ​ហើយ ទើបបានជា​កន្លងមក មាន​អ្នកស្លាប់​ដោយសារ​លង់ទឹក​ណ្តៅ​ដី​«​បឹង​សែន​ត្រជាក់​»​នោះ គួរ​ឲ្យ​អាណោច​អធម៌​។

​នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ នេះ ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ បាន​ព្យាយាម សុំ​ការពន្យល់​ពី​លោក​អភិបាលក្រុង​បាត់ដំបង​ដែរ មិនអាច​ទាក់ទង​បាន ដោយសារ​ទូរស័ព្ទ​រប​ស់លោក មិនអាច​ភ្ជាប់​ប្រព័ន្ធ​បាន​៕ ដោយ ៖ សុផល​