​ម៉ាឡេស៊ី ផ្អាក​នាំចូល​ម្ទេស​ពី​វៀតណាម ដែលថា​មាន​ផ្ទុក​សារធាតុ​គីមី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2018 ក+ ក-

​ក្រសួងកសិកម្ម និង​ឧស្សាហកម្ម នៃ​ប្រទេស​ម៉ាឡេស៊ី បានប្រកាស​ផ្អាក​ការ​នាំចូល​ម្ទេស​ពី​ប្រទេស​វៀតណាម បន្ទាប់ពី​រកឃើញ​សារធាតុ​គីមី​ហួស​កម្រិត​។ អាជ្ញាធរ​ម៉ាឡេស៊ី បញ្ជាក់ថា ការផ្អាក​នាំចូល​នេះ គឺ មាន​កត្តា​ចំនួន​២ ទី​១- ដោយសារ​កសិករ​ផលិត​ម្ទេស​នៅ​ប្រទេស​វៀតណាម មិនបាន​អនុវត្តតាម​គោលការណ៍​ស្ដង់ដារ​របស់​ម៉ាឡេស៊ី ដោយ​ប្រើប្រាស់​សារធាតុ​គីមី​ហួស​កម្រិត​។

​ទី​២- រដ្ឋាភិបាល​ម៉ាឡេស៊ី លើកទឹកចិត្ត​កសិករ​វ័យក្មេង ចូលរួម​ផលិត​ម្ទេស​ដើម្បី​ប្រកួតប្រជែង​នឹង​ទីផ្សារ​របស់​បរទេស​។ ម្ទេស​វៀតណាម នៅ​ទីផ្សារ​ម៉ាឡេស៊ី លក់​ក្នុងតម្លៃ ០,៩​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ខណៈ​ម្ទេស​ផលិត​ក្នុងស្រុក​របស់​ម៉ាឡេស៊ី លក់​ក្នុងតម្លៃ ១,៩​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។

​ទន្ទឹមនឹង​ការប្រកាស​មូលហេតុ​នៃ​ការផ្អាក​នាំចូល​ម្ទេស​នេះ ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​ប្រចាំ​នៅ​ម៉ាឡេស៊ី ក៏បាន​ផ្ញើលិខិត​ទៅកាន់​នាយកដ្ឋាន​ពាក់ព័ន្ធ និង​ស្នើ​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម ធ្វើការ​បកស្រាយ​បំភ្លឺ​ដល់​កសិករ​វៀតណាម​ផងដែរ ចំពោះ​កម្រិត​អនុញ្ញាត​នៃ​ការប្រើប្រាស់​សារធាតុ​គីមី ដើម្បី​សម្លាប់​សត្វល្អិត ក្នុង​ម្ទេស​។​

​គួរ​បញ្ជាក់ថា ម៉ាឡេស៊ី បានចាប់ផ្ដើម​នាំចូល​ម្ទេស​ពី​វៀតណាម កាលពី​ឆ្នាំ​២០១៦ ហើយ ម៉ាឡេស៊ី កូរ៉េខាងត្បូង និង​ចិន ជា​អ្នក​នាំចូល​ម្ទេស​វៀតណាម ធំជាងគេ​នៅលើ​ពិភពលោក​៕