​តម្លៃ​ប្រេងសាំង​ធម្មតា​កើន​ដល់​៤.២៥០​រៀល ក្នុង​១​លីត្រ នៅ​ពាក់កណ្តាល​ខែតុលា នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2018 ក+ ក-

​ភ្នំពេញ ៖ តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​កម្ពុជា​ត្រូវបាន​មើលឃើញថា បាន​ចាប់​ឡើងថ្លៃ​បន្តបន្ទាប់​ទៀត​ចាប់តាំងពី​ដើមខែ​តុលា មក ជាក់ស្តែង​តម្លៃ​ប្រេងសាំង​ធម្មតា នៅ​ថ្ងៃទី​១៦​ខែតុលា នេះ ឡើងថ្លៃ​ដល់ ៤.២៥០​រៀល ខណៈ​ប្រេងម៉ាស៊ូត​កើន​ដល់​៤.១៥០​រៀល ក្នង​មួយ​លីត្រ​។

​ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ការកើនឡើង​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​នេះ ដោយសារ​ប្រេងឥន្ធនៈ​ក្នុង​ទីផ្សារ​អន្តរជាតិ​ក៏​កើន​ថ្លៃ​ដែរ​។​

​ដូច​ទៅនឹង​តារាង​កំណត់​តម្លៃ​ប្រេង​ដែល​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម នា​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​នេះ តម្លៃ​ប្រេងសាំង​ធម្មតា​សម្រាប់​លក់រាយ​នៅតាម​បណ្តា​ស្ថា​នី​យ៌​ប្រេងឥន្ធនៈ​ធំៗ គឺ​៤.២៥០​រៀល​ក្នុង​មួយ​លីត្រ ដែល​តម្លៃ​នេះ កើនឡើង​៥០​រៀល បើ​ធៀប​នឹង​តម្លៃ​រយៈពេល ១៥​ថ្ងៃ​ដើមខែ​តុលា កន្លងមក ។

​ដូចគ្នានេះ​ទៅនឹង​តម្លៃ​ដែល​កំណត់​ក្នុង​តារាង​លក់រាយ​ចាប់ពី​ថ្ងៃ ទី​១៦ ដល់ ៣១​ខែតុលា​នេះដែរ ប្រេងម៉ាស៊ូត មានតម្លៃ​៤.១៥០​រៀល​ក្នុង​មួយ​លីត្រ ដែល​តម្លៃ​នេះ​កើនឡើង​១៥០​រៀល​បន្ថែមទៀត បើ​ធៀប​នឹង​តម្លៃ​កាលពីដើម​ខែតុលា មក​។​

​ដោយឡែក ប្រេងសាំង​ស៊ុប​ព៊ែ​រ ដែល​មិនត្រូវ​បានកំណត់​ក្នុង​តារាង​រូបមន្ត​គណនា​របស់​ក្រសួងពាណិជ្ជកម្ម​វិញ បាន​ហក់​ឡើងដល់​៤៥៥០​រៀល ទៅ​៤៦០០​រៀល​ក្នុង​លីត្រ នៅតាម​បណ្តា​ស្ថា​នី​យ៌​លក់​ប្រេងឥន្ធនៈ​ធំៗ​។

​គួរ​កត់សំគាល់ថា សម្រាប់​តម្លៃ​ប្រេងសាំង​ធម្មតា និង ប្រេងម៉ាស៊ូត ដែល កំណត់​ក្នុង​តារាង​លក់រាយ​ជា​ផ្លូវការ​រយៈពេល​១៥​ថ្ងៃ​ម្តងនេះ គឺ​ត្រូវបាន​បញ្ចុះតម្លៃ​៤​សែន​ដុល្លារ​អាមេរិក​ក្នុង​មួយ​លីត្រ​រួចហើយ​តាម​គោល​ការ​ណ៌​របស់​រាជរដ្ឋាភិបាល បន្ទាប់ពី​ការ​គណនា​រូបមន្ត​តម្លៃ​គោល ដែល​ផ្អែកលើ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ។

​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម បង្ហាញថា ប្រេងសាំង​ធម្មតា​នៅលើ​ទីផ្សារ​អន្តរជាតិ ជា​មធ្យម​ក្នុង​រយៈពេល​១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែតុលា​មក គឺមាន​តម្លៃ ប្រមាណ​៩០,២​ដុល្លារ​អាមេរិក ក្នុង​មួយ​បារ៉ែល​។ ចំណែក​រយៈពេល​ដូចគ្នានេះ ប្រេងម៉ាស៊ូត មានតម្លៃ ជាង​៩៩​ដុល្លារ​អាមេរិក​។ តម្លៃ​ប្រេង​នេះ គឺមាន​ការឡើង​ថ្លៃ​ប្រមាណ ២​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែល សម្រាប់​ប្រេងសាំង​ធម្មតា និង កើនឡើង​ប្រមាណ ៥​ដុល្លារ​អាមេរិក សម្រាប់​ប្រេងម៉ាស៊ូត ៕