​ឃើញ​សមត្ថកិច្ច ភ័យ​រត់ឡើង​ផ្លោះ​របង​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2018 ក+ ក-

​ភ្នំពេញ ៖ ក្មេងប្រុស​ម្នាក់​បាន​ឆក់​ខ្សែភ្លើង​ស្លាប់​ភ្លាមៗ ខណៈដែល​ពេល​ព្យាយាម​រត់គេច​ពី​សមត្ថកិច្ច ហើយ​តោង​ឡើង​បង្គោល​ភ្លើង​ឆក់ កាលពី​វេលា​ម៉ោង ៣​នឹង​០០​នាទី រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បានអោយដឹងថា ដំបូង​ឡើយ ក្មេងប្រុស​អាយុ​១៤​ឆ្នាំ នេះ បាន​ទៅ​ដើរលេង​ក្បែរ​ទឹក​ប្រឡាយ​ហើយ​ស្របពេលនោះ មាន​អាជ្ញាធរ​មួយក្រុម​ចុះមក​ពិនិត្យ​ស្ថានភាព​ការស្តារ​ប្រឡាយ​។ ភ្លាមៗ​នោះ ក្មេង​ខាងលើ មានការ​ភ័យខ្លាច ក៏បាន​រត់​ឆ្លង​ប្រឡាយ​ដោយ​ខ្លួន​ទទឹកជោក រួច​បាន​បន្តរ​ត់ទៅ​ផ្លោះ​របង​ផ្ទះ​ប្រជាពលរដ្ឋ និង​តោង​ប៉ះចំ​បង្គោល​ភ្លើង​បណ្តាលអោយ​ឆក់​ខ្សែភ្លើង​ស្លាប់​យ៉ាង​អាណោច​អា​ធ័​ម៌​នៅលើ​ចំ​ម្រឹ​ង​ដែក​របង​នោះ​តែម្តង ។

​ជុំវិញ​ករណីនេះ​សមត្ថកិច្ច​បានអោយដឹង​ថា សព​ក្មេងប្រុស​មានឈ្មោះ ម៉ូ នី អាយុ​១៤​ឆ្នាំ ស្នាក់នៅ​ម្តុំ​សំណង់​១២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។ សមត្ថកិច្ច​បាន​បន្តថា ទំនង​ក្មេងប្រុស​ម្នាក់នេះ ធ្លាប់ប្រើ​ប្រាស់​ថ្នាំញៀន ទើប​ឃើញ​សមត្ថកិច្ច ភ័យ​ហើយ​រត់គេច​រហូតមក​ជួប​រឿង​អកុសល​បែបនេះ ។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយនឹង​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​ដល់ទី​តាំង​កើតហេតុ រួច​បានប្រគល់​សាកសព​អោយ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ក្រោយ​ពិនិត្យឃើញថា ពិតជា​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់​ប្រាកដ​មែន​៕