ក្រសួង​ប្រកាស​ស៊ើបអង្កេត​ករណី ទាសភាព​ដោយ​ការចង​បំណុល នៅតាម​សិប្បកម្មឡឥដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​ការងារ នឹង​ចុះទៅ​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​«​ទាសភាព​សម័យ​ទំនើប​»​នៅតាម សិប្បកម្ម​ឡឥដ្ឋ តាមរយៈ​ការចង​ដោយ​បំណុល ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ពី​សកល​វិទ្យាល័យ Royal Holloway មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​។​

​នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បន្ទាប់ពី​មាន​របាយការណ៍​មួយ​របស់​ក្រុម​អ្នកស្រាវជ្រាវ​នេះ មាន​ចំណងជើង​ថា​«​ឥដ្ឋ​ឈាម​» ដោយបាន​បង្ហាញថា ភាព​រីកចម្រើន​ខ្លាំង​នៃ​វិស័យ​សំណង់​របស់​ប្រទេស​កម្ពុជា បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ជាច្រើន​គ្រួសារ ធ្លាក់ចូល​ទៅក្នុង​ទាសភាព​សម័យ​ទំនើប​ក្នុង​សិប្បកម្ម ឡឥដ្ឋ តាមរយៈ​ការចង​ដោយ​បំណុល​។​

លោក រដ្ឋមន្ត្រី អ៊ិត សំហេង បាន​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន ក្រសួង​ការងារ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ព្រមាន​ផាកពិន័យ និង​ចាត់វិធានការ​តឹងរ៉ឹង​តាមផ្លូវ​ច្បាប់ ចំពោះ​ការប្រើប្រាស់​ពលកម្ម​កុមារ​នៅក្នុង​ឧស្សាហកម្ម​ឡឥដ្ឋ និង​ទម្រង់​កេងប្រវ័ញ្ច​ដទៃៗ​ទៀត​ជាមួយនឹង​ការចង​ដោយ​បំណុល​។

​លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក បាន​ថ្លែងថា «​ការដែល​ក្រសួង​ការងារ​ចាប់​ផ្តើមធ្វើ​នេះ វា​ហាក់ដូចជា​គាត់​ទើបតែ​ភ្ញាក់ពីដេក ហើយ​យើង​គិតថា​វា​គួរ​ឲ្យ​សោកស្តាយ​កន្លង បើ​រាជរដ្ឋាភិបាល​និង​ក្រសួង​យកចិត្តទុកដាក់​តាំងពី​ដើម​មក​ពលរដ្ឋ​កម្ពុជា​អាច​នឹង​មិនមាន​ភាពរ​ង​គ្រោះ​ដោយសារតែ​រឿងនេះ​»​។​

​លោក​ថា ការពិត​ក្រសួង​ត្រូវ​ស៊ើបអង្កេត​តាំងពី​យូរ​មកហើយ បន្ទាប់ពី​សង្គម​ស៊ីវិល​បានធ្វើ​របាយការណ៍​ជា​បន្តបន្ទាប់​អំពី​បញ្ហា​នៅ​ឡឥដ្ឋ ដែល​បាន​បង្ក​គ្រោះថ្នាក់​ដល់​កុមារ និង​កម្មករ​៕