ស្លាប់​៣​នាក់​​ទៀតហើយ ពុល​ស្រាស​ក្នុងពេល​កំដរ​បុណ្យសព​នៅ​ស្រុក​សំបូរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2018 ក+ ក-

​ខេត្តក្រចេះ ៖ គិត​ត្រឹម​រសៀល​ថ្ងៃទី​២០ ខែតុលា នេះ មាន​ប្រជាពលរដ្ឋ​ចំនួន ៦​នាក់​ហើយ បាន​ស្លាប់​ដោយ​ក្នុងនោះ​ប្រជាពលរដ្ឋ​ចំនួន បីនាក់ បាន​ស្លាប់​កាលពី​ថ្ងៃទី​១៩ ខែតុលា និង​ប្រជាពលរដ្ឋ​ចំនួន​បីនាក់​ទៀត បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ នេះ និង​សរុប​ជាង ៧០​នាក់ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ក្នុងនោះ​បានអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​មាន​ចំនួន​៤២​នាក់ ដោយ​សារបាន​ធូរស្រាល និង​ជាង​៣០​នាក់​ទៀត នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​ចេញ​នៅឡើយ​ទេ​។​

​សមត្ថកិច្ច​បាន​បញ្ចាក់​ថា អ្នកភូមិ​៣​នាក់​ក្នុងនោះ​មាន​ពីរ​នាក់ ប្តី​និង​ប្រព​ន្ឋ រស់​នៅលើ​កោះ​ដុ​ព័រ ក្នុងភូមិ​ជើង ពោត ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ បាន​ស្លាប់​ជា​បន្តបន្ទាប់​មិនអាច​សង្គ្រោះ​ទាន់ និង​អ្នកភូមិ​ជាង ២០​នាក់​ផ្សេងទៀត ក៏បាន​ជួប​អាការ​ធ្ងន់ធ្ងរ និង​កំពុងតែ​ចាត់​បញ្ជូនមក​ស​ង្ក្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត បន្ទាប់ពី​ជនរងគ្រោះ​ទាំងនោះ បាន​ផឹកស្រា ស កំដរ​ក្នុង​ពិធី​បុណ្យសព​មួយ​នៅក្នុង​ភូមិ ។​

​ការផ្ទុះ​បាតុភាព​ពុល​ស្រា ស កំពុងតែ​រី​រាលដាល​ចេញពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ក្នុង​រយៈពេល​ប៉ុន្មាន ថ្ងៃ​ជាប់​គ្នា​នេះ គិត​ត្រឹម​រសៀល​ថ្ងៃទី​២០ ខែតុលា នេះ គឺមាន​ពលរដ្ឋ​ប្រុស​ស្រី រស់នៅ​ក្នុងភូមិ ផ្សេងគ្នា ក្នុងស្រុក​សំបូរ សរុប​ចំនួន​៦​នាក់​ហើយ​ដែល​បាន​ស្លាប់ ដោយ​សង្ស័យ​ពុល​ស្រា ស​។ ចំណែក មន្ទីរជំនាញ​ពាក់​ព័​ន្ឋ នៅ​មិនទាន់​រក​មូលហេតុ​ពិតប្រាកដ​ណាមួយ​បង្ហាញថា ការស្លាប់​របស់​ពលរ​ដ្ឋ​រងគ្រោះ​ទាំងនោះ និង​អ្នកមាន​អា​ការៈពុល​ជាច្រើន​នាក់​ទៀត ដោយសារ​ស្រា ស ឬ​យ៉ាងណា​នោះទេ បានត្រឹមតែ​ដាក់​ការសន្និដ្ឋាន​ក្រៅផ្លូវការ​ទៅលើ​ស្រា ស ប៉ុណ្ណោះ​។​

​សូមជម្រាបថា ប្រៀបធៀប​អា​ការៈពុល​របស់​អ្នកភូមិ​រស់នៅ​លើ​កោះ​ដុ​ព័រ ក្នុងភូមិ​ជើង​ពោត ឃុំ​កោះ​ខ្ញែរ គឺ​មិន​ខុសគ្នា​ទៅនឹង​អា​ការៈពុល​របស់​អ្នកភូមិ រស់នៅក្នុង​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ គឺមាន​អកា​រៈ ណែន​ដើមទ្រូង ស្រវាំងភ្នែក ទន់​ដៃជើង និង​បាន​ស្លាប់​ជា​បន្តបន្ទាប់​ដោយ​មិន​អាចជួយ​សង្គ្រោះបាន​។​

​អធិការរង​នគរបាល​ស្រុក​សំបូរ លោក​វរៈសេនីយ៍ទោ នួន សារិន បានឱ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី ១៩ ខែតុលា កន្លងទៅនេះ ពលរដ្ឋ​ចំនួន ៣​នាក់​ផ្សេងទៀត​បាន​ស្លាប់​ជា​បន្តបន្ទាប់​គ្នា ក្នុងនោះ​មាន​ពីរ​នាក់​ប្តី​ប្រព​ន្ឋ និង​ពលរដ្ឋ​២១​នាក់​ផ្សេងទៀត បាន​រង​អា​ការៈពុល បន្ទាប់ពី​ជនរងគ្រោះ​ទាំងនោះ បានទទួល​ទាន​ស្រា ស ក្នុង​ចូលរួម​កំដរ​ពិធី​បុណ្យសព មួយ​នៅក្នុង​ភូមិ​ខាងលើ​។

​អ្នកភូមិ​ទាំង​៣​នាក់ ដែល​បាន​ស្លាប់​ដោយ​អាជ្ញាធរ​សន្និដ្ឋានថា បណ្តាលមកពី​ពុល​ស្រា ស នោះ ១.​ឈ្មោះ ទូច ម៉ុ​ល ជា​ប្តី អាយុ​៣៦​ឆ្នាំ ២.​ឈ្មោះ រស់ ញៀន អាយុ​៤៦​ឆ្នាំ ជា​ប្រព​ន្ឋ និង​ទី​៣​ឈ្មោះ តឹក ថា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ។ ជនរងគ្រោះ​បាន​ស្លាប់​ពេល​បញ្ជូនមក​សង្គ្រោះ​។​

​ក្រោយ​ការសន្និដ្ឋាន​របស់​អាជ្ញា​ធរ ដែលថា ការស្លាប់​របស់​អ្នកភូមិ​បណ្តាលមកពី​ពុល​ស្រា ស នេះ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក បាន​ចុះទៅពិនិត្យ និង​បាន​ដកហូត​សំណាក​វត្ថុតាង ស្រា ស ជាច្រើន​ប៊ីដុង យកទៅ​រក្សាទុក និង​បានប្រកាស​ផ្សព្វផ្សាយ​មិនឱ្យ​ពលរដ្ឋ​ក្នុងភូមិ​ឱ្យទទួល​ទាន​ស្រា ស បន្តទៀត​នោះទេ​។​
​លោក ឈ្នាង សុ​វុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ លោក​បាន​បញ្ជាក់ថា តាម​មការ​សន្និដ្ឋាន​បឋម គឺ​ប្រជាពលរដ្ឋ​បានទទួល​ស្រាស​។ ជាមួយគ្នានេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ឈប់​ទទួលទាន​ស្រាស ដើ​ម្បុះ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​៕