​ទឹកភ្លៀង​ហូរ​គំហុក​ពី​ភ្នំ​គិរី​រម្យ បណ្តាល​ឲ្យ​បាក់​ទំនប់​មួយ​ខ្សែ​នៅ​ស្រុក​ភ្នំស្រួច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2018 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖ កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ នេះ អាជ្ញាធរ​ស្រុក​ភ្នំស្រួច បាន​និយាយ​ឲ្យ​ដឹងថា នៅ​អំឡុង​ម៉ោង ៩​និង​២០​នាទី ព្រឹក​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង នៅលើ​ភ្នំ​គិរី​រម្យ ហើយ​ទឹកបាន​ហូរ​ធ្លាក់ យ៉ាង​កំ​ហុគ​បណ្តាលអោយ​បាក់​ទំនប់​មួយ​ខ្សែ​ចំនួន ១២​ម៉ែត្រ​បណ្តោយ​១២០​ម៉ែត្រ​ស្ថិត នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​អាជ្ញាធរ​ស្រុក​បាន​បន្តទៀតថា ហើយ​បន្ទាប់ពី​ធ្វើការ​រាយការណ៍​ទៅ​អាជ្ញាធរខេត្ត​ភ្លាមៗ​នោះ​មាន​សេចក្តីរាយការណ៍​បន្ទាន់​ថា មាន​ក្មេងៗ​ដែល​ឃ្វាលគោ នៅ​ទីនោះ​ចំនួន​១០​នាក់ បាន​រត់គេច​ចេញពី​ចំណុចកើតហេតុ ខ្លះ​ឡើងដើមឈើ​តោង​មែកឈើ ប៉ុន្តែ​មិនមាន​គ្រោះថ្នាក់​ក្មេងៗ​ទាំងអស់​នោះឡើយ ហើយ ក្នុងនោះ​ក៏មាន​ភ្ញៀវទេសចរ ជា​ជនបរទេស​ចំនួន​៣​នាក់ ស្រី​២​នាក់​ផងដែរ​នៅក្នុង​ហេតុការណ៍​នោះ តែ​ពេលនេះ​បាន​ត្រឡប់មកវិញ​ដោយ​សុវត្ថិភាព​អស់ហើយ​។​

​ហើយ​ភ្លាមៗ​នោះ​ផងដែរ លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក៏ បាន​បញ្ជា​ឲ្យ​គ្រប់​ជំនាញ ចុះជួយ​បន្ទាន់ ដើម្បី​ស្វែងរក​ក្រុម​ក្មេង​ទាំង​១០​នាក់ ព្រមជាមួយ​ជនបរទេស​ផងដែរ តែ​រសៀល​ថ្ងៃនេះ ពួកគេ​បាន​រួច​ផុតពី​គ្រោះថ្នាក់​វិញ​អស់ហើយ​។​
​ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ករណី​បាក់​ទំនប់​នេះ មូលហេតុ​ដោយសា​តែ​កាលពី​យប់​មាន​ភ្លៀង​ខ្លាំង ដែលជា​ហេតុ​បណ្តាល​ឲ្យ​ទឹក​ហូរ​ធ្លាក់ចុះ​យ៉ាងគំហុក​មកពី​លើ​ភ្នំ​គិរី​រម្យ ដែល​ទំនប់​មិនអាច​ការពារ​បាន​បណ្តា​ល​ឲ្យ​បាក់​តែម្តងទៅ​។ ពេលនោះ​លោក អភិបាលខេត្ត អភិបាលស្រុក និង​មន្ត្រី​តាម​បណ្តាល​មន្ទីរ​ជុំវិញ​ខេត្ត រួម​ដំណើរ​ផងដែរ​នោះ បាន​ចុះទៅពិនិត្យ និង​ទប់ស្កាត់​ទំនប់​នោះ​ដើម្បី​កុំអោយ​បាក់​បន្តទៅទៀត​៕