ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី អំពាវនាវ​ឲ្យ​មន្ដ្រីរាជការ​បន្ដ​រួមគ្នា​អភិវឌ្ឍ​ប្រទេស ឲ្យ​កាន់តែ​រីកចម្រើន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2018 ក+ ក-

​កំពង់ចាម ៖ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី សមាជិក​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល ចុះជួយ​ខេត្ដ​កំពង់ចាម នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ នេះ បាន​អំពាវនាវ​ឲ្យ​មន្ដ្រី​ថ្នាក់ដឹកនាំ និង​រាជការ​ទូទាំង​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បន្ដ​រួមគ្នា​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។​

​ការអំពាវនាវ​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​ក្នុងឱកាស​ដែល ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី អញ្ជើញ​ចូលរួម​ធ្វើ​អធិបតីភាព ក្នុង​ពិធី​សំណេះសំណាល ជាមួយ​មន្ដ្រី​ថ្នាក់ដឹកនាំ ស្រុក ឃុំ ភូមិ យុវជន នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​ជាង​៣០០​នាក់ ដែល​រៀបចំ​ធ្វើឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ជើងព្រៃ នា​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​នេះ​។​

​ពិធី​សំណេះសំណាល ជាមួយ​មន្ដ្រី​ថ្នាក់ដឹកនាំ ស្រុក ឃុំ ភូមិ យុវជន នៅ​ស្រុក​ជើងព្រៃ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក​បណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រ​មណ្ឌល​កំពង់ចាម សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល ចុះជួយ​ស្រុក​ជើងព្រៃ និង​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​ផងដែរ​។​

​ក្នុង​ពិធី​នោះ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បាន​គូសបញ្ជាក់ថា ក្នុងនាម​ក្រុមការងារ គណៈកម្មាធិការ​កណ្ដាល និង​ក្នុងនាម​ក្រុមការងារ ខេត្តកំពង់ចាម ដែល​ចុះជួយ​ស្រុក​ជើងព្រៃ​ទាំងអស់ ត្រូវមាន​គំនិត​ថា ត្រូវ​អ្វីមួយ ដើម្បី​ជាតិ និង​ដើម្បី​គណបក្ស​មូលដ្ឋាន សម្រាប់​ទុកជា​អនុស្សាវរីយ៍ ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​។​

​ជាក់ស្ដែង នា​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ឯ​.​ឧ បណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រ​មណ្ឌល​កំពង់ចាម បាន​សម្ពោធ​ដាក់​ប្រើប្រាស់ នូវ​អណ្ដូងស្នប់​ចំនួន​១០​អណ្ដូង នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ដើម្បី​បំពេញ​តំរូវការ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់ នៅ​ទូទាំង​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នោះ ឯ​.​ឧ បណ្ឌិត ម៉ា ឈឿន បាន​លើកឡើងថា បន្ទាប់ពី​ដាក់​ឲ្យ​ប្រើប្រាស់ នូវ​អណ្ដូងស្នប់​ទាំង​១០​នេះ ក្រុមការងារ​នឹង​បន្ដ​ជីក​ស្រះ អណ្ដូង ឲ្យ​តែ​កន្លែង​ណា​មាន​ដី ជីក​បាន​ទឹក​ល្អ គឺ​ជីក​ស្រះ​ជូន​ប្រជាពលរដ្ឋ ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់ ហើយនឹង​ពិនិត្យ​លទ្ធភាព​បន្ដទៀត អាច​នឹង​ជីក​អណ្ដូង​បន្ថែម​មួយទៀត នៅ​ឃុំ​ទាំង​១០ នៃ​ស្រុក​ជើងព្រៃ ដើម្បី​បំពេញ​តំរូវការ​របស់​ប្រជាពលរដ្ឋ​។​
​តំណាងរាស្ដ្រ​មណ្ឌល​កំពង់ចាម​រូបនេះ បាន​លើកឡើងថា «​ក្នុងនាម​ជា​តំណាងរាស្ដ្រ គឺ​ត្រូវ​បម្រើ​រាស្ដ្រ ជួយ​ដោះស្រាយ សុខទុក្ខ​គ្រប់បែបយ៉ាង​ទាំងអស់ ជៀសវាង​តែ​ប្រ​ព្រឹ​ត្ដ​ខុស​ច្បាស់​តែប៉ុណ្ណោះ គឺ​យើង​នឹង​នៅ​ជាមួយ ពុក​ម៉ែ​បងប្អូន​ទាំងអស់ ដើម្បី​បន្ដ​ជួយ​ឲ្យ​អស់​លទ្ធភាព​»៕