​បាក់​ច្រាំងទន្លេ​នៅ​វត្ត​ក្តី​តា​កុយ ទាញ​ទម្លាក់​យក​ចេតិយ​ចំនួន​ពីរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2018 ក+ ក-

​ភ្នំពេញ ៖ ការបាក់​ច្រាំងទន្លេ ស្ថិតនៅក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ នៅ​រសៀល​ថ្ងៃទី​២០ តុលា​នេះ បណ្តាល​ឲ្យ​ចេតិយ​ចំនួន​២ ស្ថិតនៅក្នុង​វត្ត​ក្តី​តា​កុយ បាក់​រលំ​ចូលក្នុង​ទន្លេ និង​មួយចំនួនទៀត កំពុង​ប្រឈម​នឹង​ការរង​ហានិភ័យ​ខ្ពស់​។​
​ប្រជាពលរដ្ឋ​មួយចំនួន​បាន ដាក់បន្ទុក​ទៅលើ​ការ​បូម​ខ្សាច់ រីឯ​អ្នកខ្លះ​បាន​យល់ឃើញថា អាច​បណ្តាលមកពី​ការ​ច្រោះ​ខ្សាច់​ក្រោម​ចេតិយ​ដោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង​នា​ប៉ុន្មាន​ថ្ងៃនេះ ។​

​ក្រោយពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម មន្ត្រី​ជំនាញ​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ចុះទៅពិនិត្យ​ទីតាំង និង​បាន​បញ្ជាក់ថា ការបាក់​ច្រាំង​នេះ មិនមែន​បណ្តាលមកពី​ការ​បូម​ខ្សាច់​ឡើយ មិនមែន​មកពី​ការ​បូម​ខ្សាច់​ដោយ​មូល​ហេតុថា នៅជាប់​ទីតាំង​បាក់ស្រុត​នោះ ពុំមាន​អាជីវកម្ម​បូម​ខ្សាច់​ទេ ។

​ទីតាំង​ដែល​ក្រសួង​រ៉ែ និង​ថាមពល​បានចេញ​អាជ្ញា​បណ្ណ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជិត​២​គីឡូម៉ែត្រ​ពី​ទីតាំង​នេះ រី​ការដ្ឋាន​បាញ់​ខ្សាច់​ឡើង ស្ថិតនៅ​ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ​ពីនេះ ។
​មន្ត្រី​អះអាងថា ច្រាំង​ដែល​បាក់​នោះ គឺជា​ប្រភេទ​ដី​ថ្មី​ដែល​វត្ត​បាន​បូម​ខ្សាច់​ចាក់​បំពេញ និង​អនុញ្ញាតឱ្យ​មានការ​សាងសង់​ចេតិយ​ធំៗ​ជាច្រើន​នៅ​មាត់ច្រាំង ។

​ទឹកភ្លៀង​នា​រដូវភ្លៀង និង​ការ​ធ្លាក់ភ្លៀង​ជោគជាំ នា​យប់​ថ្ងៃទី​១៩ ខែតុលា បាន​ជ្រាបចូល​ទៅក្នុង​ដីខ្សាច់​ចាក់​ថ្មី និង​បាន​ហូរ​ច្រោះ​ទៅ​ទន្លេ ។ បន្ថែម​ជាមួយ​នោះ ទឹក​ឡើង​ខ្លាំង​នា​ឆ្នាំនេះ​បាន​ជ្រាប និង​ធ្វើឱ្យ​ដី​មាត់ច្រាំង​មាន​ភាព​ទន់ជ្រាយ ។ ទឹករលក និង​ការ​ស្រក​ទឹក​លឿន ក៏​ជា​កត្តា​ចូលរួម​ឱ្យមាន​ការបាក់​ច្រាំង​នេះ​ផងដែរ ។​

​យ៉ាងណាក៏ដោយ ជា​លទ្ធផល​គិត​ចាប់តាំងពី​ម៉ោង ២​រសៀល មកទល់​យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ នេះ ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ផ្ទាល់ បាន​ប្រចាំការ​នៅ​នឹង​ទីតាំង​កើតហេតុ និង​បាន​ប្រើប្រាស់​គ្រឿងចក្រ និង​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ច្រក​ប៉ាវ​ដី ខ្សាច់ និង​ថ្ម ចាក់​ទប់​ច្រាំងទន្លេ ដើម្បី​ទប់ទល់​កម្លាំង​ទឹកជា​បណ្តោះអាសន្ន​សិន​៕