ឃាតក​​រំលោភសម្លាប់​ក្មេងស្រី​២​នាក់ នៅ​ស្រុក​បរិបូណ៌ ជា​បងប្អូន​ជីដូនមួយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2018 ក+ ក-

​កំពង់ឆ្នាំង ៖ ឃាតក​សម្លាប់​ក្មេងស្រី ២​នាក់ បងប្អូន​បង្កើត​រួច​ញាត់​ក្នុង​កេស កាលពី​យប់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន​ហើយ និង​បាន​យកទៅ​ធ្វើ​ត្រាប់​តាម​ឡើងវិញ​នៅ​រសៀល​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០១៨ នេះ ដោយមាន​ប្រជាពលរដ្ឋ ចូល​ចោម​មើល​យ៉ាងច្រើន​កុះករ ។

តាម​ការ​ឲ្យ​ដឹង​ពី លោក ប៉ុល វុទ្ធី ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ទទួលបន្ទុក​ការិយាល័យ​កណ្ដាល​យុត្តិធម៌ បាន​ឲ្យ​ដឹងថា ជនដៃដល់​ក្នុង​អំពើ​ឃាតកម្ម​យ៉ាង​សាហាវ​យ៉ង់​ឃ្នង​នេះ មានឈ្មោះ ឆុំ ពយ ហៅ ផ្ល​យ តូច​អាយុ​២៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​កុមារី​រងគ្រោះ និង​មានផ្ទះ​ចម្ងាយ​ពីគ្នា តែ​ជាង​៧០​ម៉ែត្រ ប៉ុណ្ណោះ ។ លោក​បាន​បញ្ជាក់ថាៈ ជនដៃដល់​ត្រូវជា​បងប្អូន​ជីទួតមួយ​នឹង​កុមារ​រី​រងគ្រោះ ទៀតផង ។ ប្រភព​ដដែល​បាន​បន្តថា នៅ​យប់​ថ្ងៃកើតហេតុ​មាន​យុវជន​មួយក្រុម​មាន​មនុស្ស​ប្រមាណ ជិត​១០​នាក់ បាននាំគ្នា​ផឹកស៊ី នៅ​ផ្ទះមួយ​ផ្សេងទៀត ជិត​ផ្ទះ​កុមារី​រងគ្រោះ ។ លុះ​ពេល​ផឹកស៊ី​បានបញ្ចប់ អ្នកផឹកស៊ី​បាន​បែក​គ្នា​ទៅផ្ទះ​អស់​ទៅ​។ ពេលនោះ ជន​ដៃ​ឈ្មោះ ឆុំ ពយ បាន​ដើរ​សំដៅ​មក​ផ្ទះ​កុមារី​រងគ្រោះ រួច​ឡើងទៅ​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​ជា​បង​ឈ្មោះ អ៊ុន លក្ខិណា អាយុ​១៤ រហូត​បានសម្រេច ។

ក្រោយពេល​រំលោភ​ក្មេងស្រី​ហើយ ជនដៃដល់​បាន​គម្រាម មិនអោយ​ក្មេងស្រី​រងគ្រោះ​ប្រាប់​នរណា​ទេ តែ​ក្មេងស្រី​រងគ្រោះ បាន​និយាយថាៈ និង​ប្រាប់​គេ ហើយ​ប្តឹង​សមត្ថកិច្ច អោយ​ចាប់ខ្លួន ។​ស្របពេល​នោះដែរ ក្មេងស្រី​រងគ្រោះ​ជា​ប្អូន ឈ្មោះ ជន់ មេត្តា អាយុ​៧​ឆ្នាំ បាន​ភ្ញាក់ ហើយ​ស្រែកយំ ពេលនោះ ជនដៃដល់​បាន​វ៉ៃ​ក្មេងរងគ្រោះ​ជា​ប្អូន មួយ​ដៃ រហូត​សន្លប់ ហើយ​បន្ទាប់មក​ក៍​វាយ​ក្មេងស្រី​រងគ្រោះ​ជា​បង​រហូត​ដល់​សន្លប់ ទើប​ជនដៃដល់ បាន​យក​ខ្នើយ​សង្កត់​ខ្ទប់​មុខ ក្មេងស្រី​រងគ្រោះ​ទាំងពីរ​រហូតដល់​ដាច់ខ្យល់​ស្លាប់ ។ ក្រោយពី​សម្លាប់​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់​ហើយ ជនដៃដល់ បាន​លើកសព​ក្មេង​ទាំងពីរ​ដាក់ចូល​កេស ដាក់​ខោអាវ​របស់​គ្រួសារ​រងគ្រោះ រួច​ខ្ទាស់​គន្លឹះ និង​ដើរចេញ​ទៅផ្ទះ​របស់ខ្លួន​វិញ​តែម្តង​។

ក្រោយ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​របស់​សមត្ថកិច្ច ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​យកមក​សាកសួរ ទៅតាម​ជំនាញ​ចិត្តសាស្ត្រ រហូត​ជនដៃដល់​បាន​ព្រម​សារភាព​។ ជនដៃដល់ ត្រូវបាន​សមត្ថកិច្ច​រៀប​ចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។

សូម​រំលឹកថា​កុមារី​រងគ្រោះ ២​នាក់​បងប្អូន ត្រូវបាន​ឪពុកម្តាយ​ទៅធ្វើ​ការ​នៅ​ស្រុក​ឆ្ងាយ ឪពុក​ឈ្មោះ ប្រាក់ ជា ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ម្តាយ​ឈ្មោះ អុល ធីតា ទៅធ្វើ​ការ​នៅ​ភ្នំពេញ ដោយ​ចោល​កូន​ទាំងពីរ​នាក់​អោយនៅ​ចាំផ្ទះ ដោយ​គ្រាន់តែ​ផ្តាំផ្ញើ​ឪពុកមា និង​ម្តាយមីង អោយជួយ​មើលថែទាំ​ប៉ុណ្ណោះ ។ នៅ​យប់កើតហេតុ ថ្ងៃទី​១៧ ខែតុលា កុមារី​រងគ្រោះ​ទាំងពីរ​នាក់ ត្រូវ​ជនដៃដល់ រំលោភ​ក្មេងស្រី​ជា​បង ហើយ​ខ្លាច​បែកការណ៍​ក៏​សម្លាប់​ទាំងពីរ​នាក់​បំបិទមាត់​តែម្តង​៕