ឃុំខ្លួន​អ្នក​ផលិត​ស្រា ស ដែល​សង្ស័យ​បង្ក​ឲ្យ​មនុស្ស​​ពុលស្លាប់ នៅ​ស្រុក​សំបូរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 October, 2018 ក+ ក-

​ខេត្តក្រចេះ ៖ ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តក្រចេះ លោក អេង ចំណាប់ បានសម្រេច​ឃុំខ្លួន បុរស​ម្នាក់​ជា​ម្ចាស់​អាជីវកម្ម​ផលិត​ស្រា​.​សម្នាក់ នៅ​ព​ន្ឋ​នាគារ​ខេត្ត ក្រោយពី​មានការ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​បាន​រកឃើញ​ថា​ការផលិត​ស្រា ស របស់​បុរស​រូបនេះ​គឺធ្វើឡើង​មិន​ប្រក្រតី​ដោយមាន​ចេតនា​ប្រើ​សារធាតុ មេ​តា​ណុល ច្រើន ទើប​បង្ក​ឱ្យ​អ្នក​ដែល​ទទួលទាន​ពុល​រហូត​ស្លាប់ ទៅដល់​៥​នាក់ និង​រងគ្រោះ​ធ្លាក់ខ្លួន​ឈឺ​ជាង​៧០​នាក់​។​

​បុរស​ជា​ម្ចាស់​អាជីវកម្ម​ផលិត​ស្រាស ឈ្មោះ កុ​ច សុ​ហេង អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុង ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ត្រូវបាន​តុលាការខេត្ត​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ព​ន្ឋ​នាគារ​ខេត្ត នៅ​ថ្ងៃទី​២២ ខែតុលា នេះ ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា ។ បុរស​រូបនេះ​ក៏បាន​ប្រាប់​សមត្ថកិច្ច​ថា ការផលិត​ស្រា ស របស់គេ គឺ​ពិត​ជាមាន​លាយ​នូវ​សារធាតុ​មេ​តា​ណុល ដើម្បីឱ្យ​ស្រា​មានគុណ​ភាពខ្លាំង និង​មាន​បរិមាណ​ច្រើន ទាន់​តម្រូវការ​អ្នក​ទទួលទាន តែ​មិនបាន​បញ្ជាក់​ពី​រូបមន្ត​នៃ​ការ​លាយ​ស្រា​នេះ ចេះ​ពី​ប្រភព​ណា​នោះទេ​។​

​ការចាប់ខ្លួន រហូត​ឈាន​ឱ្យមាន​ការឃុំខ្លួន​បុរស​ជា​ម្ចាស់​អាជីវកម្ម​ផលិត​ស្រាស​ខាងលើ នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​បាតុភាព​ពុល​មួយ​បាន​ផ្ទុះ​ជា​ឡើងជា​បន្តបន្ទាប់​ជាប់ៗ​គ្នា​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៨​ដល់​ថ្ងៃទី​២០ ខែតុលា ក្នុង​នោះបាន​បង្ក​ឱ្យ​អ្នកភូមិ​យ៉ាងតិច​៥​នាក់ ស្រី​១​នាក់​រស់​នៅតាម​បណ្តារ​ភូមិ​ផ្សេងគ្នា​ក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​បឹង​ចារ និង​ឃុំ​កោះ​ខ្ញែ ក្នុងស្រុក សំបូរ បានកើត​អាការ​ពុល​រហូត​ស្លាប់ និង​មាន​អ្នកភូមិ​ប្រុស​-​ស្រី​ចំនួន​ជាង​៧០​នាក់​ក្នុងនោះ​មាន​ស្រី​១៧​នាក់​ផ្សេងទៀត​ក៏​កំពុងតែ​ធ្លាក់ខ្លួន​ឈឺ​និង​ក៏​ត្រូវបាន​នាំមក​ជួយសង្គ្រោះ​។​

​អាការ​ពុល​របស់​អ្នកភូមិ​ដែល​បណ្តាលមកពី​ពុល​ស្រាស រហូត​បង្ក​ឲ្យ​មាន​អ្នកស្លាប់​និង ធ្លាក់ខ្លួន​ឈឺ​បាន​កើតមានឡើង​បន្ទាប់ពី​ពួកគាត់​បាននាំគ្នា​ទទួល​ទាន​ស្រាស នៅ​និង​ស្រែ​ក្រោយ​ចប់​ការ​ច្រូតស្រូវ​ប្រវាស់ដៃ​គ្នា​ដូច​ទៅតាម​ទម្លាប់​រាល់​ឆ្នាំ​។ និង​មាន​ខ្លះ​បាននាំគ្នា​ទទួលទាន​ស្រាស នៅក្នុង​ពិធី​កំដរ​បុណ្យសព​របស់​អ្នក​នៅក្នុង​ភូមិ​។​

​ស្រប​ជាមួយគ្នា​និង​បាតុភាព​ពុល​រហូត​បង្ក​ឱ្យមាន​ពលរដ្ឋ​ស្លាប់ និង​រងគ្រោះ​ដោយ​ស្ថិត ស្ថានភាព​ស្រវាំងភ្នែក ទន់ដៃទន់ជើង ហែ​វ​ហត់ ណែន​ដើមទ្រូង ដែល​អាជ្ញាធរ​បានកំណត់​ថា បណ្តាលមកពី​ពុល​ស្រាស​នេះ​។ អាជ្ញាធរខេត្ត​ក្រចេះ​បាន​អំពាវនាវ ពលរដ្ឋ​រស់នៅ​ស្រុក​សំបួរ ក៏ដូចជា​ពលរដ្ឋ​រស់​នៅតាម​តំបន់​នានា​ក្នុង​ខេត្តក្រចេះ បញ្ឈប់​ការទទួល​ទាន​ស្រាស​មួយរយៈ​ពេល​។ ក្នុងនោះ​មាន​កន្លែង​អាជីវកម្ម​លក់​ស្រាស​មួយចំនួន​នៅក្នុង​ភូមិ និង​ឃុំ នានា​ក្នុងស្រុក​មួយ​នេះ ត្រូវបាន​អាជ្ញាធរ​ចុះ​ផ្អាក​ការធ្វើ​អាជីវកម្ម​ផលិត និង​ក៏មាន​ស្រា ស និង​ស្រាថ្នាំ​ជាច្រើន​ផ្សេង ទៀត គឺ​ត្រូវបាន​អាជ្ញាធរ​រឹបអូស​យកមក​រក្សាទុក​។​

​ក្រោយ​សា្ថ​ពពុល​បាន​វាយលុក​យ៉ាងខ្លាំង​ក្នុងអំឡុង​រយៈពេល​៣​ថ្ងៃ បង្ក​ជា​ភាព​តុ​ក​ស្លុត ជាខ្លាំង​ដល់​អ្នករស់នៅ​ក្នុងភូមិ​ផ្សេងទៀត ដែល​ការពុល​ស្ទើរ​ក្លាយជា​សោកនាដកម្ម​មួយ ទៅហើយនោះ​។ រហូតមកទល់ និង​ថ្ងៃទី​២២ ខែតុលា នេះ ស្ថានភាព​ពុល​គឺ​ត្រូវបាន​ធូរស្រាល​វិញ ក៏​ព្រោះតែ​អ្នកភូមិ​ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​និង​បាន​ចាត់​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ក៏​ត្រូវបាន​ត្រឡប់ទៅផ្ទះ​វិញ​ជា​បណ្តើរៗ​ទៅហើយ​ដែរ​៕