ចាប់បុរសចិនម្នាក់រត់ពន្ធគ្រឿងញៀន ជិត ២គ.ក្រ ទៅហុងកុង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2018 ក+ ក-

ភ្នំពេញ ៖ កម្លាំងអន្ដោប្រវេសន៍ប្រចាំការនៅព្រលានយន្តហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងគយ បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ ដែលបានលួចលាក់គ្រឿងញៀនក្នុងកញ្ចប់ស្បោង ដោយរុំជាប់នៅនឹងភ្លៅទាំងសងខាង និងដងខ្លួនប្រមាណជិត២គីឡូក្រាម បម្រុងនាំចេញទៅក្រៅប្រទេស។

បើតាមមន្ដ្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា បុរសជនជាតិចិននេះ មានឈ្មោះ YU WEI YI កាន់លិខិតឆ្លងដែនលេខៈ462923។

មន្ដ្រីនគរបាលបានបន្ថែមថា ជនសង្ស័យខាងលើនេះ បានធ្វើដំណើរចេញពីប្រទេសកម្ពុជា តែត្រូវកម្លាំងអន្ដោប្រវេសន៍ព្រលានយន្តហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងគយ សង្ស័យថា មានសារធាតុញៀននាំចេញខុសច្បាប់ ក៏ត្រូវបានឃាត់ខ្លួនភ្លាមៗ។

មន្ដ្រីជំនាញ បានបញ្ជាក់ថា ក្រោយពេលត្រួតពិនិត្យជាក់ស្ដែង ឃើញមានសារធាតុញៀនលាក់ ក្នុងកញ្ចប់ស្បោងរុំជាប់ នៅនឹងភ្លៅទាំងសងខាង និងដងខ្លួន សរុបចំនួន០៤កញ្ចប់ ជាគ្រឿងញៀនប្រភេទ METHAMPHETAMINE ដែលមានទម្ងន់ចំនួន១,៩៩៤.៧២ ក្រាម (មួយពាន់ប្រាំបួនរយកៅសិបបួនក្បៀសចិតសិបពីរក្រាម)៕