ផ្ទុះ​លើ​អាកាស និង​ធ្លាក់​បំណែក​យាន(ដ្រូន)ចំនួន​៩​កន្លែង​ក្នុងស្រុក​គូលែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2018 ក+ ក-

​ខេត្តព្រះវិហារ ៖ សំឡេង​ផ្ទុះ​លើ​អាកាស​យ៉ាងខ្លាំង​លាយឡំ​នឹងមាន​បំណែក​ជាច្រើន​ធ្លាក់​មក​ដី​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ដ្រ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​២៥ តុលា នេះ ហើយ​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ជាច្រើន​នាក់ រួមទាំង​ប្រជាពលរដ្ឋ​ផង​នោះ បាន​ស្វែងរក​បំណែក​យាន្ដ​ធ្លាក់​មកលើ​ដី ចំនួន​៩​គោលដៅ ខ្លះ​ធ្លាក់​មកលើ​ដីឡូត៍ ខ្លះ​ធ្លាក់ចំ​ដីចំការ និង​ខ្លះទៀត​ចំ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​។​

​ទាំង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​សង្ស័យថា សំឡេង​ផ្ទុះ​បង្ក​ការភ្ញាក់ផ្អើល​រួមទាំង​បំណែក​ដែល​ធ្លាក់​មក​ដី​នោះ​ជា​បំណែក​យន្តហោះ​ដែល​គេ​សង្ស័យថា បាន​ផ្ទុះ​ធ្លាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹងថា ក្រោយ​មាន​សំឡេង​ផ្ទុះ​នៅលើ​អាកាស ក្រុមការងារ បាន​រកឃើញ​បំណែក​យាន​ដែល​ផ្ទុះ​នេះ ធ្លាក់​រាយប៉ាយ​ក្នុងភូមិ​សាស្ដ្រ​ស្រុក​គូលែន ប៉ុន្ដែ​បំណែក​ដែលជា​ប្រភេទ​អាលុយមីញ៉ូម និង​ជ័រ ដែលមាន​ទម្ងន់​ជាង​៤០​គីឡូក្រាម មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​មនុស្ស​សត្វ​នោះទេ គ្រាន់តែ​ខូចខាត​ដំបូលផ្ទះ​មួយចំណែក របស់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​។

​អ្នកនាំពាក្យ​ក្រសួង​កា​ពារ​ជាតិ​លោក ឈុំ សុជាតិ បាន​បញ្ជាក់ថា ពិតជា​មាន​កណី​ផ្ទុះ​លើ​អាកាស និង​មាន​បំណែក​អា​លុយ​មី​ញូ​ម​ធ្លាក់​មក​ដី​ពិតមែន​។ លោក​ថា សង្ស័យ​ជា​ករណី​យាន (​ដ្រូ​ន​) គ្មាន​មនុស្ស​បើក ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ពី​បញ្ហា​នេះ​៕