​ពុល​ត្រី​ក្រពត​សមុទ្រ​ស្លាប់​ម្នាក់ និង​៩​នាក់​ធ្លាក់ខ្លួន​ឈឺ នៅ​ខេត្ត​ព្រះសីហនុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2018 ក+ ក-

​ព្រះសីហនុ ៖ លោកស្រី លឹម សា​មាន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​នៅ​ថ្ងៃទី​២៥ ខែតុលា ម្សិលមិញ​នេះ​ថា ក្នុង​មួយ​សប្តាហ៍​នេះ នៅ​ខេត្ត​ព្រះសីហនុ មាន​កុមារី​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត មុនពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​មនុស្ស​ចំនួន ៩​នាក់​ផ្សេងទៀត បាន ធ្លាក់ខ្លួន​ឈឺ ដោយសារ​ពុល​ត្រី​ក្រពត​សមុទ្រ​។

លោកស្រី លឹម សា​មាន បាន​សង្កត់ធ្ងន់ថា ចំនួន​មនុស្ស​ពុល​ត្រី​ក្រពត​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ បាន​កើតឡើង​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ នេះ គួរ​ឲ្យ​ព្រួយបារម្ភ​។ បច្ចុប្បន្ន ជនរងគ្រោះ​ដែល​បាន​ធ្លាក់ខ្លួន​ឈឺ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ព្រះសីហនុ​។​

​បើតាម​គ្រូពេទ្យ​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃ​២៥ ខែតុលា ឆ្នាំ​២០១៨ មាន​ពលរដ្ឋ​២​នាក់ ជា​កម្មករសំណង់​នៅ​ម្តុំ​ឆ្នេរ​ព្រែកត្រែង ក្នុងស្រុក​ស្ទឹងហាវ មាន​ស្ថានភាព​ពុល​ត្រី ក្រពត ធ្ងន់ធ្ងរ និង​កំពុង​ទទួល​ការសង្គ្រោះ​ជាបន្ទាន់ ។

​គ្រូពេទ្យ​បញ្ជាក់​បន្ថែមថា នេះ​ជា​ជនរងគ្រោះ​ទី​៣​ហើយ ដែល​ពុល​ត្រី​ក្រពត​សមុទ្រ ក្នុងនោះ​មុននេះ​៣​ថ្ងៃ​ក៏មាន​កម្មករសំណង់​មួយរូប​ដែរ នៅក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ក៏បាន​ពុល​ត្រី​កំពត​នេះ​ដូចគ្នា និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​
​គួរ​ជម្រាបជូន​ថា ករណី​ពុល​ត្រី​ក្រពត​សមុទ្រ​នេះ អាចធ្វើ​ឲ្យ​អ្នកជំងឺ​ឈានទៅដល់​អាកា​រៈគាំង​បេះ ដូង​ស្លាប់ ប្រសិនបើ​គ្មាន​ការសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់ពេលវេលា​នោះ​៕