លោក សែម បូរ៉ា ប្រធាន TNM TV Online នឹងត្រូវ​បញ្ជូនទៅ​តុលាការ​ល្ងាច​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2018 ក+ ក-

​ខេត្តកំពង់ចាម ៖ លោក សែម បូរ៉ា នាយក​ទូរទស្សន៍ ​ធីអិនអឹម ​អន​ឡាញ (  TNM Onling ) នឹងត្រូវ​សមត្ថកិច្ច​រៀបចំ​ឯកសា​រ​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៨ ខែតុលា នេះ បន្ទាប់ពី​បាន​សាកសួរ​ក្នុងករណី​ឆបោក​ប្រា​ក់រឿង​ទិញ​លក់​ដីធ្លី កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៨​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីនគរបាល​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២៨ តុលា នេះ​។​

​អគ្គនាយក​ទូរ​ទ្សន៍​អន​ឡាញ TNM លោក សែម បូរ៉ា ត្រូវបាន​សមត្ថកិច្ច​ខេត្តកំពង់ចាម ចាប់​ឃាត់ខ្លួន និង​ដាក់​ខ្នោះ​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​លុយ​ជាង ១០​ម៉ឺន​ដុល្លារ​ក្នុង​រឿង​ទិញ​លក់​ដី​។ ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​២៦ ខែតុលា ឆ្នាំ​២០១៨ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

​មន្ត្រីនគរបាល​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា ពិតជា​មាន​ករណី​ចាប់​ឃាត់ខ្លួន​លោក សែម បូរ៉ា នាយក​ទូរទស្សន៍ អន​ឡាញ TNM ប្រាកដ​មែន គឺ​សមត្ថកិច្ច​បាន​នាំខ្លួន​លោក សែម បូរ៉ា ពី​ស្រុក​បាធាយ មកកាន់​ស្នងការដ្ឋាន​ខេត្តកំពង់ចាម ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម ទៅតាម​ពា​ក្ស​ប​ណ្តឺ​ងរ​បស់​ដើមចោទ​ម្នាក់​ពីបទ​ឆបោក​ប្រាក់​ប្រមាណជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​រឿង​ទិញ​លក់​ដីធ្លី​។​

​បើ​យោងតាម​ពាក្យបណ្តឹង គឺ​លោក សែម បូរ៉ា បាន​ធានា​ទិញ​ដីស្រែប្រាំង​ពី​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ នៅ​ភូមិ​ចុង ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ទំហំ ៨,៥០ហិកតាទៅឲ្យដើមបណ្តឹង ដែល​ធ្វើឡើង​តាំងពី​ខែមេសា ឆ្នាំ​២០១៨ មកម្ល៉េះ តែ​រហូតមក​ពេលនេះ ដើមបណ្តឹង​ដែលជា​ម្ចាស់​ប្រាក់​នៅតែ​មិនទាន់​ទទួលបាន​លិខិតផ្ទេរកម្មសិទ្ធិ​ដីធ្លី​ដូច​ការធានា​របស់លោក សែម បូរ៉ានោះឡើយ ខណៈដែល​លោក សែម បូរ៉ា បានទទួល​ប្រាក់​ពី​អ្នកទិញ​គ្រប់​ចំនួន​អស់ហើយ ទើបបានជា​កើតមាន​ករណី​ប្តឹងផ្តល់​នេះ​កើតមានឡើង​។​

​មន្ត្រី​ដដែល បន្តថា នៅ​រសៀល​ថ្ងៃទី​២៨ ខែតុលា នេះ បន្ទាប់ពី​បាន​សាកសួរ​រួចរាល់​ហើយ សមត្ថកិច្ច​នឹង​រៀបចំ​ឯកសារ​បញ្ជូន​លោក សម បូរ៉ា ទៅកាន់​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។ ព័ត៌មាន​ល​ម្អិ​ល នឹង​បន្ត​ជម្រាបជូន​នៅពេល​បន្ទាប់​ទៀត ៕