ពលរដ្ឋ​ប្រតិកម្ម ចំពោះ​ក្រុមហ៊ុន​ចិន​រុករក​រ៉ែ​មាស​ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2018 ក+ ក-

​ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ប្រតិកម្ម​យ៉ាងខ្លាំង និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​ករណី​ក្រុមហ៊ុន​ចិន ធ្វើ​អាជីវ​កម្ម​រ៉ែ​មាស នៅ​ចំណុច​ភូមិ​រំដេង ឃុំ​រមទម ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថានយ៉ាងធ្ងន់ធ្ងរ និង​​អាចបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វជាមិនខាន។​

​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​រំដេង បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុមហ៊ុន​ចិន ដែល​ធ្វើ​អាជីវកម្ម​រ៉ែ នៅ​ចំណុច​ភូមិ ឃុំ ខាងលើ កំពុង​កាប់បំផ្លាញ​កូនឈើ ក្លុង និង​ត្រាច និង​ដឹកឈើ​ចូល​ចំណុច​ការដ្ឋាន​ជីក​រុករក​រ៉ែ របស់​ចិន​នោះ យ៉ាង​គគ្រឹកគគ្រេង ក្នុង​១​ថ្ងៃ​មិនតិច​ក្រោម​ពី​៥-១០​គោយន្ត តែ​មិនដឹងថា គេ​យកទៅ​ធ្វើ​អ្វី​នោះទេ​។​

​ប្រភព​ដដែល​បន្តថា ការបង្កើត​ឲ្យ​មាន​ការជីក​រុករក​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ​បែបនេះ អាជ្ញាធរ គួរតែ​ត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់ និង​គួរ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បានដឹង ដើម្បី​ពួកគាត់​ប្រុងប្រយ័ត្ន ព្រោះថា សំណល់​នៃ​សារធាតុ​គីមី​ដែល​គេ​ប្រើ​ដើម្បី​ស​ម្រា​ញ់​យក​រ៉ែ​លោហធាតុ​មានតម្លៃ វា​នឹង​ហូរ​ចូលទៅក្នុង​ប្រព័ន្ធ​ទឹកធម្មជាតិ​តាមរយៈ​ទឹកភ្លៀង ដូចជា ស្ទឹង បឹងបួរ ហើយ​អាច​បង្ក​គ្រោះថ្នាក់​មនុស្ស សត្វ ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ ដូចដែល​ធ្លាប់​កើតមាន​ករណី​ពុល​ទឹក​ព្រែក នៅ​ខត្ត​ក្រចេះ អញ្ចឹង​ដែរ​៕