រដ្ឋាភិបាល នឹង​បើកសម្ពោធ​វិមាន​ឈ្នះ​ឈ្នះ រយៈពេល​៣​ថ្ងៃ នៅ​ចុង​ឆ្នាំនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា ៖ «​យើង​នឹងធ្វើ​បុណ្យ​៣​យប់ ៣​ថ្ងៃ នៅ​វិមាន​ឈ្នះ​-​ឈ្នះ ថ្ងៃទី​២៩-៣០-៣១ ខែធ្នូ យើង​រួមគ្នា​មក​ឆ្លង​ឆ្នាំ​ដោយ​បាញ់​កាំជ្រួច ឆ្លង​ឆ្នាំ​២០១៨ ចូល ២០១៩ នៅ​វិមាន​ឈ្នះ​-​ឈ្នះ របស់​យើង ជា​ខួប​លើក​ទី​២០ នៃ​ថ្ងៃ​ដែល​យើង​បញ្ចប់សង្គ្រាម តាម រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ដូច្នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ កម្មករ និយោជិត ៧​ពាន់ នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៤ នៅ​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា នេះ​។

​មន្ត្រីរាជរដ្ឋាភិបាលបញ្ជាក់ថា ស្តូប​វិមាន​ឈ្នះ ឈ្នះ នេះ បានចាប់ផ្តើម​សាងសង់​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ លើ​ទំហំ ដី ៨ ហិកតា ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ថវិកា​ដែល​យកមក​សាងសង់ គឺជា​ថវិកា បដិភាគ​របស់​រាជរ​ដ្ឋា​ភិ​បាល ពុំមាន​ទាក់ទង​នឹង​ថវិកា​របស់​រដ្ឋ​នោះឡើយ​៕