សម្ដេច​តេ​ជោ ស្នើ​ឲ្យ​គ្រប់​សាលា​ទាំងអស់ ត្រូវ​ធានា​ការសិក្សា​ឲ្យ​បាន​ពេញលេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2018 ក+ ក-

​ភ្នំពេញ ៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​អ្នកគ្រប់គ្រង​សាលារៀន​ទាំងអស់ ត្រូវ​ត្រៀមលក្ខណៈ​គ្រប់​រូបភាព ក្នុង​ការធានា​ការបង្រៀន​សិស្ស​ឲ្យ​បាន​ពេញលេញ ស្របតាម​កម្មវិធីសិក្សា​ដែល​បានកំណត់ បើទោះជា​មាន​ករណី​ទឹកជំនន់ និង​ខ្យល់​កន្ត្រាក់​ក៏ដោយ​។ ការស្នើ​របស់​សម្ដេច ហ៊ុន សែន នេះ នៅក្នុង​សារលិខិត​អំពាវនាវ​ដែលមាន​៨​ចំណុច ឱកាស​អបអរសាទរ​ថ្ងៃ​បើកប​វេន​កាល​សិក្សា​ឆ្នាំ​២០១៨-២០១៩​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ជា​ថ្ងៃ​ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត​របស់​ក្មួយៗ ចៅៗ​ជា​សិស្សានុសិស្ស​ចំណេះ​ទូទៅ​ទាំងអស់ ដែលជា​កុលបុត្រ កុលធីតា​ជាទី​ស្រលាញ់​របស់​យើង​គ្រប់ៗ​គ្នា មានឱកាស​ទទួលបាន​នូវ​ការអប់រំ ឱកាស​ក្នុង​ការបន្ត​ការសិក្សា​រៀនសូត្រ និង​ជា​ថ្ងៃ​ចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​របស់​កុមារ​តូចៗ ដែល​ទើបនឹង​ដល់​អាយុ​ចូល​សាលារៀន​៕