ក្រសួង ប្រកាស​បិទ​សាលាបង្រៀន​បើកបរ ដែល​គ្មាន​កម្មវិធី​បង្រៀន​បើកបរ​រថយន្ត​ធុន​ធ្ងន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 November, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជា​ឲ្យ​ដក​អាជ្ញាប័ណ្ណ​ពី​សាលាបង្រៀន​បើកបរ​ណា ដែល​គ្មាន​កម្មវិធី​បង្រៀន​បើករថយន្ត​ធុន​ធ្ងន់ ឬ​គ្មាន​រថយន្ត​ប្រភេទ​ធុន​ធ្ងន់ សម្រាប់​បង្រៀន​ឲ្យ​អនុវត្តន៍​ផ្ទាល់​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​។

​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា បច្ចុប្បន្ន​មាន​រថយន្ត​ប្រភេទ​ធំ​ជាង ២៣​ម៉ឺន​គ្រឿង ប៉ុន្តែ​អ្នកមាន ប័ណ្ណបើកបរ​តែ ៦០​ភាគរយ​ប៉ុណ្ណោះ លើ​ចំនួន​រថយន្ត​ដែល​បាន​ចុះបញ្ជី​។ ដូច្នេះ​បានន័យថា អ្នក បើកបរ​រថយន្ត​ធុន​ធ្ងន់ ភាគច្រើន​គ្មាន​បណ្ណ​បើកបរ​តាមច្បាប់​ត្រឹមត្រូវ ទៅតាម​ប្រភេទ​រថយន្ត​នោះទេ​។

​សូមជម្រាបថា មកដល់ពេលនេះ ក្រសួង​បានចេញ​អាជ្ញារ​បណ្ណ​ទៅ​សាលាបង្រៀន​បើកបរ​២៩​សាលា ដែលមាន ១៨០​សាខា​។ ប៉ុន្តែលោក ស៊ុន ចាន់ថុល លើកឡើងថា សាលា​ទាំង​២៩​នោះ មិនមាន​រថយន្ត​ធុន​ធំ​សម្រាប់​បង្រៀន​ទេ ដែល​ត្រូវ​ស្នើ​ឲ្យ​ពិនិត្យ និង​ដក​អាជ្ញាប័ណ្ណ​សាលាបង្រៀន​ណា​ដែល​គ្មាន​កម្មវិធី​ដើម្បី​បណ្ដុះបណ្ដាល​អ្នកបើកបរ​យានយន្ត​ប្រភេទ​ធុន​ធ្ងន់​៕