ឆេះ​កន្លែង​លក់​សាំង​ដប រាលដាល​ឆេះ​រថយន្ត​៤​គ្រឿង​នៅមុខ​ផ្សារលើ ខេត្ត​ព្រះសីហនុ(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 November, 2018 ក+ ក-

​ព្រះ​សីហ​នុ ៖ អគ្គិភ័យ បាន​ឆាបឆេះ​នៅ​កន្លែង​លក់​សាំង​ដប​មួយកន្លែង កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃទី​៤ វិច្ឆិកា នៅ ខាង មុខ ផ្សារលើ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នេះ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត ៤​គ្រឿង និង​ម៉ូតូ​៣​គ្រឿង​។​

​លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ឱ្យដឹងថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង គឺ​បណ្ដាលមកពី​ម្ចាស់​ម៉ូតូ​កង់​បី​ម្នាក់ បាន​ចូលទៅ​ចាក់​សាំង​នៅ​ទីនោះ ហើយ​ជក់បារី ដែល​នាំ​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​បន្ដ​ឆេះ​រាលដាល​លើ​រថយន្ដ ដែល​ចត​នៅមុខ​ផ្សារ ជិត​កនលែង​នោះ និង​ប៉ុស្ដិ៍​ប្រែ​ស​ណី​យ៍ ដែល​នៅក្បែរនោះ​ផងដែរ​។

​រថយន្ត​ដែល​ត្រូវ​ភ្លើ​ឆេះ រួមមាន រថយន្ត​ម៉ាក Lexus ចំនួន​២​គ្រឿង ម៉ាក Highlander ១​គ្រឿង រថយន្ត​តូច ១​គ្រឿង និង​ម៉ូតូ​កង់​បី ១​គ្រឿង ។ ក្រោយពី​មានការ​អន្តរាគមន៍​ពី​អាជ្ញាធរខេត្ត​រួចមក អគ្គីភ័យ​នោះ​ក៏​រលត់ទៅវិញ​»៕