ក្រុមហ៊ុន​អូស្ត្រាលី នឹង​រុករក​រ៉ែ​មាស​នៅ​តំបន់​អូរ​ខ្វាវ នៅ​ដើមឆ្នាំ​២០២០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 November, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រុមហ៊ុន Emerald Resources ដែល​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​អណ្តូងរ៉ែ​មាស​អូរ​ខ្វាវ នៅ​ខេត្តមណ្ឌលគិរី អាច​នឹង​ចាប់ផ្តើម​ដំណើរការ​ទាញយក​មាស​លើ​ទឹកដី​កម្ពុជា​ជា​លើកដំបូង​នៅ​ដើមឆ្នាំ ២០២០ បន្ទាប់ពី​បានទទួល​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​កាលពី​ខែកក្កដា ។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។

​លោក យស មុនី​រ៉ាត់ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Emerald Resources បានទទួល​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​កាលពី​ខែកក្កដា ដែល​រំពឹងថា នឹង​ចាប់ផ្តើម​ផលិត​មាស​ជា​លើកដំបូង​នៅ​កម្ពុជា នា​ដើមឆ្នាំ ២០២០ ខាងមុខ​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន Emerald Resource ដែល​ចុះបញ្ជី​ក្នុង​ផ្សារភាគហ៊ុន​អូស្ត្រាលី ហើយ​កៀរគរ​ដើមទុន​បាន​ប្រមាណ​២៧ លាន​ដុល្លារ​អូស្ត្រាលី ប្រហែលជា ១៩,៥ លាន​ដុល្លារ​អាមេរិក តាមរយៈ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ សម្រាប់​ការអភិវឌ្ឍ​អណ្តូងរ៉ែ​មាស ដែល​នឹងធ្វើ​នៅ​តំបន់​អូរ​ខ្វាវ ខេត្តមណ្ឌលគិរី នាពេល​ខាងមុខនេះ​៕