ឃាត់ខ្លួន​ថៅកែ​អា​ជីក​ម្ម​ដីភ្នំ​លៀប បន្ទាប់ពី​មាន​មនុស្ស​ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2018 ក+ ក-

​បន្ទាប់ពី​មាន​ករណី​ធ្លាក់​រថយន្ត​ដឹក​ដី​សង្កត់​តៃកុង​រថយន្ត​ម្នាក់​ស្លាប់ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ត្រួត ពិនិត្យ​ចំណុច​អាជីវកម្ម​ដី​នៅ​ភ្នំ​លៀប​នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ស្ថិតនៅ​ភូមិ ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយបាន​ឃាត់ខ្លួន​ថៅកែ​ធ្វើ​អាជីវកម្ម​ដីភ្នំ​លៀប ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ និង​បានបញ្ចប់​អាជីវកម្ម​ដីភ្នំ​លៀប ទាំងស្រុង ។​

​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត លោក សុ​ត វ​ឌ្ឍ​នា បានឱ្យដឹងថា ក្រុមហ៊ុន​អាជីវកម្ម​ដីភ្នំ​លៀប នេះ មានច្បាប់​អនុញ្ញាតឱ្យ​ជី​ក្នុង​បរិវេណ​រណ្តៅ​ចាស់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បំពាន​ជីក​ខុស​គោល ដៅ ហើយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ស្លាប់​មនុស្ស​ថែមទៀត ដូច្នេះ ត្រូវបាន​គណៈកម្មការ​ចម្រុះ​បញ្ឈប់​អាជីវកម្ម​ទាំងស្រុង​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា រថយន្ត​ជនរងគ្រោះ បាន​បើក​ឡើងលើ​ភ្នំ​លៀប ដើម្បី​ឈប់​រង់ចាំ​អេស្កាវ៉ាទ័រ កាយ​ដី​ដាក់​លើ​រថយន្ត តែ​ចៃដន្យ​អាក្រក់ រថយន្ត​នោះបាន​រអិល​ធ្លាក់​ក្រឡាប់​មក ក្រោម សង្កត់​អ្នកបើកបរ​ស្លាប់​តែម្តង​៕