រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ប្រឡង​រើស​ចៅក្រម និង​ព្រះរាជអាជ្ញា​បន្ថែម​៥០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2018 ក+ ក-

​ភ្នំពេញ ៖ រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ដែលជា​ស្ថាប័ន​មួយ​ស្ថិតនៅក្រោម​ក្រសួងយុត្តិធម៌ កំពុង​រៀបចំ​ប្រឡង​ជ្រើសរើស​ចៅក្រម និង​ព្រះរាជអាជ្ញា​ចំនួន ៥០​នាក់​បន្ថែមទៀត ដើម្បី​បំពេញ​ការខ្វះខាត​នៅ​ទូទាំងប្រទេស ខណៈ​បេក្ខជន​ដាក់ពាក្យ​ប្រឡង​មាន​ចំនួន ៧៤៥ នាក់​។​

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែងថា បេក្ខជន​ដែល​ប្រឡង​ជាប់​នឹងត្រូវ​សិក្សា ២ ឆ្នាំ​លើ​ទ្រឹស្តី និង​ការអនុវត្ត​នៅ​សាលា និង​នៅ​តុលាការ​ទូទាំងប្រទេស មុន​ក្លាយជា​ចៅក្រម និង​ព្រះរាជអាជ្ញា​។ លោក ថា ពួកគេ​នឹងត្រូវ​ចាប់ឆ្នោត​យកមុខ​តំណែង ថា​តើ ត្រូវ​ធ្វើជា​ចៅក្រម ឬ​ព្រះ រាជអាជ្ញា​។ បន្ទាប់មក​ត្រូវ​ចាប់ឆ្នោត​ម្តងទៀត ដើម្បី​ចាប់​ប៉ុស្តិ៍​តាម​ខេត្ត​ដែល​ត្រូវ​ទៅ​បំពេញការងារ​។​

​លោក ជិន ម៉ា​លីន បាន​បញ្ជាក់ថា បច្ចុប្បន្ន​នៅ​កម្ពុជា មាន​ចៅក្រម និង​ព្រះរាជអាជ្ញា​ប្រមាណ ៤០០ នាក់ ដែល​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ស្ថានការណ៍​ពិតប្រាកដ​នៅឡើយ​ទេ​៕