អគ្គនាយកដ្ឋាន​ពន្ធដា​រ រំពឹងថា ឆ្នាំ​២០១៨ នឹង​ប្រមូល​ចំណូល​ពន្ធ​បាន​ជិត​២​ពាន់​លាន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2018 ក+ ក-

ភ្នំពេញ​ ៖ ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូលបាន​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ បាន​ចំនួន ៧.៤៩៤,៨៥ ប៊ី​លាន​រៀល ប្រមាណ ១.៨៧៣,៧១ លាន​ដុល្លារ​អាមេរិក ស្មើនឹង ៩៧,៤២ ភាគរយ​នៃ​ផែនការ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ កើនឡើង ១៨,៨៣ ភាគរយ ។​

​គួរ​ជម្រាប​ថា បើ​គិតតែ​ក្នុង​មួយខែ​តុលា ឆ្នាំ​២០១៨ ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ បាន​ចំនួន ៧២៨,៤៨ ប៊ី​លាន​រៀល ប្រមាណ ១៨២,១២ លាន​ដុល្លារ​អាមេរិក ស្មើនឹង ៩,៤៧ ភាគរយ នៃ​ផែនការ​។

​តាម​សេចក្តីប្រកាស​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា នេះ បាន​រំពឹងថា ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៨ នឹង​អាច​ប្រមូលបាន​គ្រប់​ផែនការ​កំណត់ដោយ​ច្បាប់ ចំនួន ៧.៦៩៣,៥០ ប៊ី​លាន​រៀល ស្មើនឹង​ប្រមាណ​ជា ១.៩២៣,៣៨ លាន​ដុល្លារ​អាមេរិក ៕