​សមាជិក​ក្រុមប្រឹក្សា​រាជធានី ស្នើសុំ​ឲ្យ​ពិន័យ​អ្នក​បោះចោល​សំរាម​ចោល​នៅ​ទីសាធារណៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 November, 2018 ក+ ក-

​ភ្នំពេញ ៖ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានស្នើ​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឲ្យ​មានការ​រិត​បន្តឹង ដោយ មាន​វិធានការ ផាកពិន័យ ចំពោះ​អ្នក​បោះ​សំរាម​ចោល ពាសវាល ពាសកាល​នៅតាម​ទីសាធារណៈ ដោយ​គ្មាន​ការទទួលខុសត្រូវ និង​សុំ​ប្រគល់​ភារកិច្ច​ផាកពិន័យ​នេះ ទៅអោយ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ជា​អ្នក​អនុវត្តន៍​។​

​ការស្នើសុំ​នេះ ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៤ ដើម្បី​ពិនិត្យ និង​អនុម័ត សេចក្តីព្រាង កំណត់ហេតុ កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៥៣ នា​ថ្ងៃទី​៨​វិច្ឆិកា នេះ ក្រោម​វត្តមាន ឯ​.​ឧ ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឯ​.​ឧ ហួត ហៃ , ឯ​.​ឧ ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ​។​

​ឯ​.​ឧ ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ការផាកពិន័យ​រឿង​បោះ​សំរាម​ចោល គ្មាន​របៀបនេះ មាន​យន្តការ​រួចហើយ រងចាំ​តែ​ធ្វើការ​ផ្សព្វផ្សាយ ឲ្យ​បាន​ទូលំទូលាយ​បន្ថែមទៀត ទើប​អនុវត្ត​ការផាកពិន័យ ជា​ក្រោយ​។ ឯ​.​ឧ បាន​បន្ថែមថា កម្ពុជា​ជា​ប្រទេស កំពុង​អភិវឌ្ឍ​ន៏ ដូច្នេះ​ត្រូវមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទើប​ការងារ នេះ​ទទួលបាន​ជោគជ័យ​៕