​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោក កឹម សុខា នឹងមិន​ត្រូវ​ដោះលែង​ទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 November, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​វាយប្រហារ​ភ្លាមៗ​ឆ្លើយតប​ទៅ​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ថា នឹង​គ្មាន​ការដោះលែង​លោក កឹម សុខា នៅ​ចុង​ឆ្នាំនេះ​ទេ ដោយ​ឲ្យ​រង់ចាំ​រហូតដល់ «​សេះ​ដុះ​ស្នែង​»​។​

​សម្តេច​តេ​ជោ បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ជាង ២៣០០០ នាក់​មកពី​រោងចក្រ សហគ្រាស​ចំនួន ២០ ស្ថិតក្នុង​ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ បន្ទាប់ពី​លោក សម រង្ស៊ី បាន​បង្ហោះ​សារ​ញុះញង់ ដោយ​ព្រលយ​ពាក្យ​ពី​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា លោក កឹម សុខា នឹងត្រូវ​ដោះលែង​នៅ​ថ្ងៃទី​២៩ ខែធ្នូ ចុងឆ្នាំ​នេះ​។

​សម្រាប់​អ្នកវិភាគ​បានចាត់ទុក​ការ​នៅតែ​បន្ត​ប្រើ​វោហារ​ស័ព្ទ​ឌឺដង​ដាក់គ្នា​របស់​អ្នកនយោបាយ​ជាន់ខ្ពស់​ទាំង ២ រូបនេះ​ថា ពុំមាន​ផ្តល់​ផលប្រយោជន៍​អ្វី​ឡើយ ហើយ​ជាទូទៅ​គេ​សង្ក​ត​ឃើញ​លោក សម រង្ស៊ី តែងតែ​ដុត​ឲ្យ​មាន​កម្តៅ​នយោបាយ​នៅ​កម្ពុជា​មិន​ឲ្យ​ស្រុកទេស​បាន​ស្ងប់ស្ងាត់​ទេ​។​

​គួររំឭកថា លោក កឹម សុខា អតីត​ប្រធាន អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេលនេះ កំពុង​ជាប់ឃុំ​នៅក្នុង​ផ្ទះ​របស់លោក​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ចាប់តាំងពី​ខែកញ្ញា ឆ្នាំ ២០១៨ មកម្ល៉េះ​។ លោក​ត្រូវបាន​ចាប់ឃុំខ្លួន និង​ចោទប្រកាន់​ដ៏​ចម្រូងចម្រាស​មួយ​ពីបទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ឬ​បទ «​ក្បត់ជាតិ​» ឃុបឃិត​ជាមួយ​បរទេស ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ចាប់តាំងពី​ខែកញ្ញា ឆ្នាំ ២០១៧ មក​។ ក្នុង​ង​បទចោទប្រកាន់​នេះ ប្រសិនបើ​តុលាការ​រកឃើញ​ពិរុទ្ធភាព​លោក កឹម សុខា ប្រឈម​ជាប់ពន្ធនាគារ​ចន្លោះ​ពី ១៥ ទៅ ៣០ ឆ្នាំ​ឯណោះ​។​

​ទោះជា​យ៉ាងនេះ​ក្តី សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា សម្តេច​គ្មាន​សិទ្ធិ​នឹង​ចុះហត្ថលេខា​នឹង​ឲ្យ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​អ្នកណា​ទាំងអស់ នៅពេល​អ្នកណា​ក៏ដោយ ដែល​កំពុង​ស្ថិតក្នុង​ក្របខណ្ឌ​នៃ​ពិរុទ្ធជន ឬក៏​សាលក្រម​មិនទាន់​ចូល​ស្ថាពរ​៕