ឡាន​ដឹក​សសរ​គ្រឹះ​បើក​លឿន​បុក​អ្នកជិះ​ម៉ូតូ ស្លាប់​ប្រពន្ធ ឯ​ប្តី​រងរបួស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 November, 2018 ក+ ក-

​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ត្រូវ​រថយន្ត​ធន់​ធំ​ដឹក​សសរ​មួយគ្រឿង បាន​បើកបរ​លឿន​ជ្រុល បុក​ពេញទំហឹង និង​កិន​ប្រពន្ធ​ស្លាប់ រីឯ​បុរស​ជា​ប្តី​រងរបួស កាលពី​វេលា​ម៉ោង ៩​នឹង​១០​នាទី​ព្រឹក​ថ្ងៃទី​៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង ភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​បុរស​ជា​ប្តី​បាន​និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក ដៃ​អោប​សព​ប្រពន្ធ​ថា រាល់ថ្ងៃ​ពួកគាត់​មានជីវិត​ក្រីក្រ​ណាស់​រក​មួយថ្ងៃ​ហូប​មួយថ្ងៃ ដោយ​ថ្ងៃនេះ គាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​ប្រពន្ធ ចេញពី​កន្លែង​រើស​អេតចាយ ដើម្បី​មករក​ទិញ​ម្ហូប​ហូប តែ​អកុសល​ពេល​កំពុង​ជិះ​ម៉ូតូ​សុខៗ ស្រាប់​តែមាន​ឡាន​ធន់​ធំ​មួយគ្រឿង បើកបរ​យ៉ាង​លឿន​មកពី​ក្រោយ​ក៏​ជ្រុល​បុក​គាត់​ពេញទំហឹង​បណ្តាលអោយ​ដួល​ម៉ូតូ ហើយ​ប្រពន្ធ​គាត់​ខ្ទាតចូល​ក្រោម​រថយន្ត​កិន​ស្លាប់​យ៉ាង​អ​ណោ​ច​អា​ធម៌​មួយ​រំពេច ចំណែក​រូបគាត់​បានរ​ង​របួសស្រាល​។ លោកពូ​បន្តថា ប្រពន្ធ​គាត់​មានឈ្មោះ ស៊ុន យេ​ញ អាយុ​៤៣​ឆ្នាំ មានមុខរ​បរជា​អ្នក​រើស​អេតចាយ ស្នាក់នៅ​ម្តុំ​ទី​តាំ​គំនរ​សំរាម ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

​ប្រជាពលរដ្ឋ​បានអោយដឹងថា ក្រោយពេល​កើតហេតុ​រថយន្ត​បាន​ព្យាយាម​បើករថយន្ត​គេចខ្លួន​តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដែល​យាម​តាម​គោលដៅ​ដេញ​រហូត​ឃាត់​បាន​ទាំង​តៃកុង​រថយន្ត​នឹង​រថយន្ត​បង្ក​ហើយ​យកទៅ​កាន់​ស្នាក់ការ​ប៉ុស្តិ៍​ភ្លាមៗ​។

​សមត្ថកិច្ច​បានអោយដឹង​ថា ករណី​គ្រោះ​ចរាចរណ៍ នេះ​ត្រូវបាន​កម្លាំង​មូលដ្ឋាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​វាស់វែង​អូស​យក​ម៉ូតូ​នឹង​រថយន្ត​បង្ក​រួមទាំង​តៃកុង​រថយន្ត​យកទៅ​កាន់​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ចំណែក​សាកសព​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕