​ឃាត់ខ្លួន​ស្ត្រី​ស៊ីឈ្នួល​ពពោះ​១៣​នាក់​ថ្មី​ទៀត នៅ​ពីរ​ទីតាំង​ផ្សេងគ្នា​ក្នុង​ក្រុងភ្នំពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 November, 2018 ក+ ក-

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អភិបាលខណ្ឌ​សែន​សុខ និង​អធិការនគរបាល​ខណ្ឌ បាន​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ចុះបង្ក្រាប​ទីតាំង​មួយកន្លែង ដែល​ពាក់ព័ន្ធ​ករណី​ស៊ីឈ្នួល​ពពោះ​ជំនួស ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​១៥​នាក់ ក្នុងនោះ​មាន​ស្ត្រី​ដែល​ពោះ​កំពុងមាន​ទម្ងន់​១១​នាក់ និង​ប្រុស​២​នាក់ ហើយ​២​នាក់​ផ្សេងទៀត​ជា​ចុងភៅ ដែល​ទីតាំង​ខាងលើនេះ ស្ថិតក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​លោក ទូច សា​រ៉េ​ន នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន មិនទាន់បាន​បញ្ជាក់​នៅ​ឡើយ​ទេ ព្រោះ​លោក​ថា មនុស្ស​ទាំងអស់​កំពុង​តែ​ស្ថិតក្រោម​ការសួរនាំ​រប​ស់​សមត្ថកិច្ច​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​គួរ​ជម្រាប​ថា ចំពោះ​ករណី​ពពោះ​ជំនួស​នេះ​នៅ​កម្ពុជា ត្រូវបាន​ចាត់ទុកថា​ជា​អំពើ​ខុសច្បាប់ ខណៈដែល​ក្រសួងមហាផ្ទៃ កំពុងតែធ្វើការ​ចងក្រង​ច្បាប់ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​ផងដែរ​៕