​កូនស្រី​លោក កឹម សុខា ៖ ថ្កោលទោស សម រង្ស៊ី ដែល​យក​ជោគវាសនា​ឱ​ពុក​របស់ខ្លួន​ធ្វើជា​ល្បែងភ្នាល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 November, 2018 ក+ ក-

​ភ្នំពេញ ៖ កញ្ញា សម្មា​ធីតា កូនស្រី​របស់លោក កឹម សុខា រួមទាំង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ បាន​សម្ដែង​ការខឹង​សម្បារ និង​ថ្កោលទោស​លោក សម រង្ស៊ី ដែល​យក​ជោគវាសនារ​បស់ លោក កឹម សុខា ធ្វើជា​ល្បែងភ្នាល់ គឺជា​អាកប្បកិរិយា​ប្រមាថ​ដ៏​អគុណ​ធម៌ និង​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ការលះបង់​របស់លោក​។​

​ក្រុមគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​សហរដ្ឋអាមេរិក (CNRP-USA) បង្ហោះ​លើ​បណ្ដាញ ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១០ ខែ វិច្ឆិកា នេះ ដោយ​បញ្ជាក់ថា ក្រុមគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​សហរដ្ឋអាមេរិក (CNRP-USA) សូម​ថ្កោលទោស យ៉ាង​ដាច់អហង្ការ ចំពោះ​អាកប្បកិរិយា​ប្រមាថ​ម្តង​ហើយ​ម្តងទៀត ដ៏​អគុណ​ធម៌ និង​គ្មាន​សីលធម៌ ដែល​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ការលះបង់​របស់ លោក កឹម សុខា និង​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ ដែល​បាន​តស៊ូ​ដើម្បី​សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​”​។​

​សូម​រំលឹកថា ការចេញ​សេចក្តីថ្លែងការណ៍​ដោយ​ខឹងសម្បារ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី លោក សម រង្ស៊ី បានប្រកាស​តាមរយៈ Facebook នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​បបួល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ភ្នាល់​លើ​ករណី​ដោះលែង ឬ​មិន​ដោះលែង លោក កឹម សុខា ដោយ​លោក សម រ​ង្ស៉ី ដាក់​លក្ខខណ្ឌ​ថា បើសិន​មានការ​ដោះលែង កឹម សុខា នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ឬ​យ៉ាងយូរ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ខាងមុខ​នោះ សម្តេច​តេ​ជោ នឹងត្រូវ​ចុះចេញ​ពី​តំណែង តែបើ​សិន​មិនមាន​ការដោះលែង​ទេ លោក សម រង្ស៊ី នឹង​ស្ម័គ្រចិត្ត​ប្រឈម​ចំពោះមុខ​ច្បាប់​ដោយ​ចូល​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ដើម្បី​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ​កម្ពុជា ។​

​ចំណែក ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បានលើកឡើង​ជុំវិញ​ករ​ណ​នេះដែរ​ថា មិនគួរ​យក​ជីវិត​លោក កឹម សុខា ជា​កម្មវត្ថុ​នៃ​ការ​ភ្នាល់​គ្នា​នោះទេ ពីព្រោះ​សេរីភាព​របស់គាត់​មិនមែនជា Game នោះឡើយ​៕