ក្រុម​មេធាវី​ប្រតិកម្ម​ចំពោះ​​ការយក​ជីវិត​លោក កឹម សុខា ជា​ល្បែងភ្នាល់​ខាង​នយោបាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 November, 2018 ក+ ក-

​ភ្នំពេញ ៖ ប្រតិកម្ម​ជាច្រើន​បានកើត​ឡើងជា​បន្តបន្ទាប់ ក្រោយពេល​លោក សម រង្ស៊ី យក​ជោគវាសនា​របស់​លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ ដាក់​ធ្វើជា​ល្បែងភ្នាល់​ដើម្បី​ផ្ចាញ់ផ្ចាល​ខាង​នយោបាយ​រវាង​លោក សម រង្ស៊ី និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

​ជាមួយគ្នានេះ ក្រុម​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក កឹម សុខា បាន​សម្ដែង​ការមិន​ពេញចិត្ត​តាមរយៈ​សេចក្ដីថ្លែងការណ៍​មួយ ចុះ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ចំពោះ​ការ​ភ្នាល់​ដូចគ្នានេះដែរ ដោយ​សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង និង​ថា​ការយក​សេរីភាព របស់លោក កឹម សុខា មក​ភ្នាល់​គ្នា​បែបនេះ នឹងធ្វើ​ឲ្យ​ជាតិ​កាន់តែ​បែកបាក់​គ្នា​ធ្ងន់ធ្ងរ​។

​ក្នុង​សេចក្តី​ថ្លេ​ង​ការណ៍ ពួកគេ​បាន​អះអាងថា ការដោះលែង ឬ​មិន​ដោះលែង កូនក្ដី​របស់​ពួកគេ គឺជា​សមត្ថកិច្ច​របស់​តុលាការ មិន​ស្ថិតក្រោម​ល្បែងភ្នាល់​គ្នា​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ ការ​ភ្នាល់​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី អាចធ្វើ​ឲ្យ​ប៉ះពាល់ ដល់​នីតិវិធី​នៃ​ការ​ស៊ើបសួរ​របស់​តុលាការ ហើយ​ប្រសិន​លោក កឹម សុខា ត្រូវ​ដោះលែង គឺ​ដោះលែង​ក្រោម អំណាច​របស់​តុលាការ ពុំមែន​ជាការ​បញ្ជា​របស់លោក ហ៊ុន សែន​នោះទេ​។ ហេតុនេះ​គ្មាន​ការ​ឈ្នះ ឬ​ចាញ់ នៅក្នុង​ការ​ភ្នាល់​គ្នា​នេះ​នោះទេ ប៉ុន្តែ​ខ្មែរ​ទាំងអស់គ្នា​ជា​អ្នកឈ្នះ ប្រសិនបើ​លោក កឹម សុខា មាន​សេរីភាព​ឡើងវិញ​។​

​យ៉ាងណាក៏ដោយ ខណៈ​ផ្ទុះ​ការវែកញែក​លើ​ការ​ភ្នាល់​គ្នា​រវាង​លោក សម រង្ស៊ី និង​ស​ម្ទេ​ច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ លោក កឹម សុខា បាន​លើកឡើងថា «​គាត់​មិនមាន​សេរីភាព​មែន តែ​គាត់​មា​នស​ម្ប​ជ​ញ្ញ​: ដឹងថា​អ្នក​កំពុង​ធ្វើ​អ្វី មកលើ​រូបគាត់ និង​ប្រទេសជាតិ​»​។ នេះ​បើតាម​សំណេរ​យ៉ាងខ្លី​របស់លោក កឹម សុខា នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​៕