ប៉ូលិស​បញ្ជូន​ស្ត្រី​ស៊ីឈ្នួល​ពពោះ និង​អ្នកពាក់ព័ន្ធ​ចំនួន​១៥ នាក់​ទៅ​តុលាការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 November, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ចន្ទ​ទី​១២ ខែវិច្ឆិកា នេះ អាជ្ញាធរ​ជំនាញ​ខាង​បង្ក្រាប និង​ប្រឆាំង​ការជួញដូរ​មនុស្ស គ្រោង​បញ្ជូន​ស្ត្រី​ចំនួន ១៣ នាក់ និង​បុរស ២ នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយពី​ចាប់ខ្លួន​ពួកគេ​បាន​នៅក្នុង​ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា កន្លងទៅនេះ​។​

​លោក ទូច សា​រ៉េ​ន នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ថ្លែងថា មនុស្ស​១៥​នាក់​ត្រូវបាន​ឃាត់ខ្លួន ក្នុងនោះ​មាន​ស្ត្រី​កំពុង​ពពោះ ១១​នាក់ និង​ប្រុស​២​នាក់​។ មនុស្ស​ទាំងអស់​កំពុង​តែ​ស្ថិតក្រោម​ការសួរនាំ​រប​ស់​សមត្ថកិច្ច​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​មន្ត្រី​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ធ្លាប់​ឲ្យ​ដឹងថា ស្ត្រី​ពពោះ​ជំនួស​ក្នុង​ម្នាក់​តម្លៃ ១​ម៉ឺន ដុល្លារ តែ​ពួកគេ​ទទួលបាន​ប្រាក់​កក់​ដំបូង​ពេល​មាន​ផ្ទៃពោះ​ចំនួន ៥០០ ដុល្លារ ហើយ​ក្រោយពេល​ឆ្លងទន្លេ​រួច មក​ពួកគេ​ទទួលបាន​៣០០​ដុល្លារ​ក្នុង​១​ខែ រហូត​គ្រប់​ចំនួន​១​ម៉ឺន​៕