បង្ក្រាប​ទីតាំង​ចម្លាក់រូប ​«​វត្ថុ​ស័ក្តិ​សិទ្ធ​»​ ឃាត់ខ្លួន​ស្ត្រី​២​នាក់ នៅ​ខណ្ឌ​ច្បារអំពៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 November, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រុម​អន្ដរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ចល័ត នៃ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះបង្ក្រាប​ទីតាំង​ដែល​ទទួល​ចម្លាក់ ចេញពី​ភ្លុក ចែ ឆ្អឹង ដាល​មាន​យីហោ “​ចឹក ម៉េង ចម្លាក់​ព្រះ​” កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ដែល​ស្ថិត​ផ្ទះ​លេខ​១៦៦ ផ្លូវ​៣៦៩ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ទីតាំង​ដែល​កម្លាំង​បាន​ចុះ​ពិនិត្យ និង​ឆែកឆេរ​នេះ មាន​យីហោ «​ចឹក ម៉េង លក់ និង​ឆ្លាក់​វត្ថុ​ស័ក្ដិសិទ្ធិ​» ដែលមាន​ម្ចាស់​ទីតាំង​ឈ្មោះ ម៉ុក ទិព្វ​រាសី ភេទ​ស្រី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៦៦ ផ្លូវ​លេខ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​
​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង បទល្មើស​ជា​សំណាក់​សត្វព្រៃ រួមមាន សំណាក ភ្លុក​ដំរី​, សំណាក​ភ្លុក​ដំរី កែច្នៃ​, ចែ​ជ្រូកព្រៃ​, ធ្មេញ និង​ក្រចក​, ខ្លា​ឃុំ​, ចុង​ស្នែង​ប្រីស​, ជើង​ឈ្លូស​ក្រៀម​, នុប​ប្រីស​, ស្នែង​កេះ និង​សម្ភារ​ផ្សេងៗ​មួយទៀត​។​

​ដោយ​ពិនិត្យឃើញថា វត្ថុតាង​បទល្មើស​សំណាក​សត្វព្រៃ​ទាំងអស់ ដែល​មក​ធ្វើ​ស​ន្និ​ធី ពុំមាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ និង​បាន​ដកហូត​សំណាក​សត្វព្រៃ​ទាំងអស់​ជា​បណ្ដោះអាសន្ន ហើយ​កម្លាំង​ជំនាញ ក៏​កសាង​សំណុំរឿង​តាម​នីតិវិធី​៕