ស្រូវ​ស្រែ​​ជាង១​ម៉ឺន​៥​ពាន់​ហិកតានៅ​ខេត្តកំពង់ចាម​ កំពុង​ជួប​គ្រោះរាំងស្ងួត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 November, 2018 ក+ ក-

​ខេត្តកំពង់ចាម ៖ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ថ្ងៃទី​១១​ខែវិច្ឆិកា នេះ ដើម្បី​រិះរក​វិធី​ជួយសង្គ្រោះ​ស្រូវ​រាប់ពាន់​ហិកតា​ដែល​កំពុង​ប្រឈម​នឹង​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ត្រូវ​ចាត់វិធានការ​បន្ទាន់ ដោយ​មិនអាច​បង្អែរ​បង្អង់​បានឡើយ​។

​តាម​ព័ត៌មាន​ពី​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា គ្រោះរាំងស្ងួត​នេះ បាន​ប៉ះពាល់​ផ្ទៃដី​ប្រមាណ ១៥.៣១១ ហិកតា ក្នុងនោះ​ស្រូវវស្សា​ចំនួន ១៤.២៣៧ ហិកតា និង​ស្រូវប្រាំង ១.០៧៤ ហិកតា ស្ថិតនៅក្នុង​ឃុំ​ចំនួន​៣៨ ក្នុងស្រុក​ចំនួន​៥ នៅ​ខេត្តកំពង់ចាម ។

​លោក អុំ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម បាន​រាយការណ៍​ថា មន្ទីរ​បាន​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​រាំងស្ងួត​ចំនួន ១.៨៧០​ហិកតា​។ លោក​អះអាងថា ផ្ទៃដី​ដែល​រងគ្រោះ​ជាងគេ គឺ​នៅ​ស្រុក​ព្រៃឈរ​ដែល​រងគ្រោះ​ចំនួន ៥.០៤៩ ហិកតា​៕ ដោយ ៖ សុផល