អាជ្ញាធរ ប្រកាស​ឲ្យ​ផ្អាក​ការដឹកជញ្ជូន​តាម​កាណូត រយៈពេល​៦​ថ្ងៃ ក្នុង​ថ្ងៃបុណ្យ​អុំទូក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 November, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បានប្រកាស​ឲ្យ​ផ្អាក​ដំណើរការ សេវា​ដឹកជញ្ជូន​តាម​កាណូត (Taxi Boat) រយៈពេល​ចំនួន​៦​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នឹង​ដំណើរការ​បម្រើសេវា​នេះ​ជាធម្មតា​វិញ​។​

​សេចក្ដីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បណ្ដាញ​ព័ត៌មាន Fresh News ទទួលបាន​នៅថ្ងៃនេះ បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុម​កីឡាករ​-​កីឡាការិនី​ទូកង ពី​បណ្ដា​ខេត្ត​នានា នឹង​អញ្ជើញ​មក​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​អុំ​ទូកង ដែល​នឹង​ប្រ​ព្រឺ​ត្ដិ​ទៅ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ទៀតថា ការផ្អាក​ដំណើរការ សេវា​ដឹកជញ្ជូន​តាម​កាណូត​នេះ គឺ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ សន្ដិសុខ សុវត្ថិភាព និង​ការ​ចរាចរណ៍​តាមផ្លូវ​ទឹក តាម​ដង​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់ ចៀសវាង​មាន​បាតុភាព​កើតឡើង​ជាយថាហេតុ និង​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​៕