​គណៈរដ្ឋមន្ត្រី ប្រាប់​ឲ្យ​ក្រសួង​ពិនិត្យ​សំណើសុំ​ឆ្វៀល​ដី​២៥០​ហិកតា ពី​ឧទ្យាន​ជាតិ​គិរី​រម្យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 November, 2018 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖ ក្រោយ​បែកធ្លាយ​ឯកសារ​ស្នើសុំ​ឆ្វៀល​ដី​ទំហំ ២៥០​ហិកតា កាត់​ចេញពី​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ សម្រាប់​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំការ​តែ និង​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ រួចមក អភិបាលខេត្ត​កំពង់ស្ពឺ​លោក វី សំណាង បដិសេធ ព្រមទាំង​បាន​ចារ​ប៊ិច​ក្រហម បានឃើញ និង​មិន​យល់ព្រម ថែមទាំង​ស្នើ​ដល់​អាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវខិតខំ​រក្សា​តំបន់​ទាំងនោះ​ឲ្យ​បានជា​ដាច់ខាត និង​រក​ឲ្យ​ឃើញ​ជន​ពាក់ព័ន្ធ រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ បណ្តាញ​ព័ត៌មាន ក៏បាន​ទទួល​ឯកសារ​ថតចម្លង​ចំនួន​២​ច្បាប់​ដែល ០១​ច្បាប់​ជា​សំណើ គោរព​ជម្រាបជូន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ស្នើសុំ​សេចក្តី​អន្តរាគមន៍​ដ៏​ខ្ពង់ខ្ពស់ ទៅ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​០១​ច្បាប់​ទៀត​គឺជា ដីកា​បញ្ជូន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី លេខ​០៧ ដ​.​ប ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ គោរព​ជូន លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មាន​ចុះហត្ថលេខា​ដោយ​លោក ឃុន ជិន​កេ​ន អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ខ្លឹមសារ នៃ​ដីកា​បញ្ជូន​នេះ បានបញ្ជាក់​ពី​ប្រភព​សំណើសុំ​សេចក្តី​អន្តរាគមន៍​ដ៏​ខ្ពង់ខ្ពស់​អំពី​សម្តេច​តេ​ជោ ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​បើ​យោងតាម​ដីកា​បញ្ជូន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី គោរព​ជម្រាបជូន លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺ​បានស្នើ​ដល់​ក្រសួង​មេត្តា​ពិនិត្យ លើ​ករណីនេះ (​សំណើសុំ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ​ធ្វើ​) តាម​ការគួរ​។​

​ដោយឡែក​បើតាម​ខ្លឹមសារ​នៃ​ឯ​សារ​គោរព​ជម្រាបជូន​សម្តេច​ពញា​ច​ក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ក៏បាន​បញ្ជាក់​ផងដែរ​ថា តំបន់​ទាំងពីរ​ភូមិ​ខាងលើនេះ ប្រជាពលរដ្ឋ​ភាគច្រើន​បានមក​រស់នៅ​៣​ជំនាន់​មកហើយ និង​ប្រកបមុខរបរ​លក់​ចំណាំងឈើ​បុរាណ ផ្កាអ័រគីដេ​ធម្មជាតិ​ដុះ​ក្នុងព្រៃ និង​ធ្វើ​អាជីវកម្ម​អភិវឌ្ឍន៍​នៅ​ហ្នឹង​កន្លែង​ដូចជា លក់​ម្ហូបអាហារ លក់​ភេសជ្ជៈ និង​បាន​ចូលរួម​បំរើ​ស្នាក់​ការកំរិត​ខ្នាតតូច សម្រាប់​បំរើ​អ្នក​ទេសចរណ៍​ក្នុងស្រុក​ក្នុងការ​ចិញ្ចឹមជីវិត ពោល​ពួកគាត់​បានមក​រស់នៅ​តំបន់​នេះ​គឺ តំណ​តាំងតែ​ពី​ឪពុកម្តាយ រហូត​មានកូន ពូន​ជា​ចៅ មកដល់​បច្ចុប្បន្ននេះ ថែមទាំង​មាន​សៀវភៅ​ស្នាក់នៅ ហើយ និង​អត្តសញ្ញាណប័ណ្ណ​សំ​គាត់​ខ្លួន​ទៀតផង​៕