ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 November, 2018 ក+ ក-

​រថយន្ត​ក្រឡុក​ស៊ីម៉ង់​ផុង​ដី ក្រឡាប់​ផ្ងារជើង សំណាងល្អ​គ្មាន​អ្នករបួស​

​ភ្នំពេញ ៖ រថយន្ត​ហ៊ី​ណូ​ប្រភេទ​ដឹក​ល្បាយ​បេតុង​មួយគ្រឿង ខណៈដែល​បើកបរ​សម្រប ពេលដែល​ភ្លៀង​ធ្លាក់​មួយ​មេទឹក​លិច​ផ្លូវ​មើល​មិន​ច្បាស់ ក៏​រអិល​បណ្តាល​ក្រឡាប់​នៅ​មាត់​ប្រឡាយ​តែម្តង តែ​សំណាងល្អ អ្នកបើកបរ​លូន​ចេញ​ដោយ​សុ​វត្តិភាព​មិនមាន​រងរ​បួស​ទេ​។​
ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​រថយន្ត​ជួប​ហេតុការណ៍​ផ្ងារជើង ម៉ាក ហ៊ី​ណូ ពណ៌​ស លាយ​ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ ភ្នំពេញ 5A-1721 ជា​រថយន្ត​ដឹក​បេតុង រង​ការខូចខាត​ផ្នែក​កាប៊ីន ។​

​តាម​ពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​ខាងលើ បើក​ពី​កើ​តទៅ​លិច ដោយ​ដឹក​បេតុង​ទៅ​ចាក់​នៅ​ការដ្ឋាន បើក​ដល់​ចំណុច​ខាងលើ ខណៈដែល​មេឃ​កំពុង​ធ្លាក់ភ្លៀង ទឹក​ជន់​លិច​ចិញ្ចើមផ្លូវ រថយន្ត​បត់​ស្តាំ​ចូល​ការដ្ឋាន ដោយ​សរសៀរ​ចិញ្ចើមផ្លូវ ទាំង​ទឹក​លិច​ល្ហរ​ល្ហាច មិន​ដឹក​ថា​ប្រឡាយ ទើប​ផុង​ដី​ជ្រេ​ល ក្រឡាប់​តែម្តង សំណាងល្អ អ្នកបើកបរ​លូន​ចេញ​ដោយ​សុ​វត្តិភាព រង​ខូចខាត​តែ​រថយន្ត ហើយក៏​មិន​ប៉ះពាល់​ដល់​អ្នកដទៃ​ដែរ ។​

​ក្រោយ​កើតហេតុ រថយន្ត​រងគ្រោះ​ខាងលើ មានតែ​ម្ចាស់ ក្រុមហ៊ុន ស្ទូច​លើកយក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕