ស្ថានីយប្រេងឥន្ធនៈ​ចំនួន​១៤ ក្នុង​ខេត្តតាកែវ លក់​ប្រេង​មិន​គ្រប់​លីត្រ និង​បន្លំ​គុណភាព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2018 ក+ ក-

​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តតាកែវ បាន​រកឃើញ​ស្ថានីយ / ដេប៉ូ​ចំនួន​១៤ ធ្វើ​អាជីវកម្ម​មិន​ត្រឹមត្រូវ ក្នុងចំណោម​ស្ថានីយ​ដែល​ត្រូវបាន​ត្រួតពិនិត្យ​សរុប ១៩ ក្នុង​ទី​រួម​ខេត្តតាកែវ​។

​មន្ត្រី​ជំនាញ​កាំកុងត្រូល នៅ​ថ្ងៃទី​១៣ និង​ទី​១៤ ខែវិច្ឆិកា នេះ បានធ្វើ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ស្ថានីយ ចំនួន​១៩ នៅក្នុង​ខេត្តតាកែវ បាន​រកឃើញ​ស្ថានីយ ៣​ទីតាំង​លក់​ប្រេង​មិន​ត្រឹមត្រូវ​ទាំង​គុណភាព និង​បរិមាណ និង​១១​ទីតាំង​ទៀត​លក់​មិន​គ្រប់​លីត្រ​។​

​ម្ចាស់​ស្ថានីយ​ចំនួន ៦ ត្រូវបាន​មន្ត្រី​កាំកុងត្រូល​តម្រូវ​ឲ្យ​ចុះកិច្ចសន្យា​កែ​កំហុស​លើក​ទី​១​។ ចំណែក​ស្ថានីយ​ចំនួន ៨​ទៀត ត្រូវ​ចុះកិច្ចសន្យា​កែ​កំហុស​លើក​ទី​២ ក្នុងករណី​រកឃើញ​កំហុស​លើក​ទី ៣ សមត្ថកិច្ច​នឹងមិន​លើកលែង​ទៀតឡើយ ដែល​អាច​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ និង​ប្រឈម​នីតិវិធី​តាមផ្លូវ​តុលាការ​ទៀតផង​៕