កម្ពុជា​-ADB នឹង​ចំណាយ​១៣៥​លាន​ដុល្លារ​សង់​ប្រឡាយ​បេតុង​ប្រវែង​ជិត​៤០០​គ​.​ម​.​ក្នុង​ខេត្ត​ចំនួន​៥
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2018 ក+ ក-

​ភ្នំពេញ ៖ កម្ពុជា និង​ធនាគា​ADB (​គម្រោង IAIP) នឹងត្រូវ​អនុវត្ត​ការសង់​ប្រឡាយ​ប្រវែង​៣៨១,២ គីឡូម៉ែត្រ ក្នុង​ខេត្ត​ចំនួន​៥​នៅ​កម្ពុជា ដោយ​ធ្វើ​ទំនើបកម្ម​ធ្វើការ​ជួសជុល​ស្តារឡើងវិញ និង​ធ្វើការ​កែលម្អ​លើ​ប្រព័ន្ធធារាសាស្ត្រ ឲ្យ​ទៅជា​ប្រព័ន្ធធារាសាស្ត្រ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដែល​ប្រើ​បាន​សម្រាប់​ស្រោចស្រព​បាន​ទាំង​រដូវប្រាំង និង​រដូវវស្សា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ធនធានទឹក ដោយ​ដកស្រង់​ខ្លឹមសារ​ពី​ជំនួប​ពិភាក្សា​រវាង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​គណៈប្រតិភូ ADB នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​តាមរយៈ​ការអនុវត្ត​គម្រោង Irrigated Agriculture Improvement Project (IAIP) ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹង​សាងសង់​ប្រព័ន្ធ​ប្រឡាយ​ជា​បេតុង ប្រវែង​សរុប ៣៨១,២​គីឡូម៉ែត្រ នៅ​កម្ពុជា​ក្នុង​ខេត្ត​ចំនួន​៥ រួមមាន​ខេត្តបាត់ដំបង កំពង់ចាម តាកែវ កំពង់ធំ និង​ខេត្តកំពត ចំណាយ​ថវិកា​ប្រមាន ១៣៥ លាន​ដុល្លារ សហរដ្ឋអាមេរិក​។

​សូមបញ្ជាក់ថា គម្រោង​ខាងលើ រួមមាន​សាងសង់​ប្រព័ន្ធ​ប្រឡាយ​ជា​បេតុង​ប្រវែង​៣៨១,២​គីឡូម៉ែត្រ សាងសង់​ទំនប់​អាង​ទឹកជា​បេតុង​ប្រវែង​៦.៥​គីឡូម៉ែត្រ​សាងសង់​ទំនប់​បង្ហៀរ ខ្នាត​ធំ​ប្រវែង​៨០០​ម៉ែត្រ បំពាក់​ស្ថានីយ​បូមទឹក​ដើរ​ដោយ​ថាមពល​អគ្គិសនី​ខ្នាត​ធំ​មាន​ក្បាល​បូម​ប្រាំ​ចំនួន​ពីរ​កន្លែង​ជា​ប្រភេទ Smart Pumping Systems​។ សាង សង់​សំណង់​សិល្បការ​ធំ​តូច​ដ៏​ច្រើន​ដើម្បី​ធានា​ឲ្យ​ប្រព័ន្ធធារាសាស្ត្រ​ទាំងនោះ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ខេត្ត​ទាំង​៥៕