ឯកអគ្គរាជទូត​អាមេរិក ស្នើឱ្យ​រដ្ឋាភិបាល​អាមេរិក លុបចោល​ទណ្ឌកម្ម​ទិដ្ឋាការ​ពី​មន្ដ្រី​កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2018 ក+ ក-

​ភ្នំពេញ ៖ លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ដែល​នឹង​បញ្ចប់​អាណត្តិ​នៅ​កម្ពុជា នៅ​ចុង ខែ​នេះ បាន​អះអាងថា ក្នុងនាម​ផ្ទាល់ខ្លួន​លោក​បាន​ស្នើឱ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ពិចារណា ក្នុងការ​លុបចោល​ទណ្ឌ​កម្ម​ទិដ្ឋាការ (Visa) ពី​មន្ដ្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បន្ដ​ពង្រឹង​នូវ​កិច្ច សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ​។​

លោក William A. Heidt បានលើកឡើង​បែបនេះ​ក្នុងជំនួប​ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ទី​ស្ដី ការ​ក្រសួងមហាផ្ទៃ​។

​ជាការ​ឆ្លើយតប​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​អរគុណ​ចំពោះ ឯកអគ្គរាជទូត ដែល​បានស្នើ ឱ្យមាន​ការពិចារណា ដើម្បី​ដក​ការដាក់ទណ្ឌកម្ម​នេះ ហើយ​ប្រសិនបើ​អាមេរិក លុបចោល​នូវ​បំរាម នោះបាន សម្ដេច​ចាត់ទុកថា នេះ​ជាការ​ផ្ដល់​កាដូ​មួយ​សម្រាប់​កម្ពុជា ដើម្បី​លើកកម្ពស់​នូវ​ទំនាក់ ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​ល្អប្រសើរ​ឡើងវិញ​។​

​គួរ​បញ្ជាក់ថា កាលពី​ខែតុលា ឆ្នាំ​២០១៨ កន្លងទៅនេះ ដោយ​ឈរលើ​គោលការណ៍​មនុស្សធម៌ និង​ធ្វើឡើង​តាម​សំណើ​របស់ សមាជិក​ព្រឹទ្ធសភា រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេ​រិ​ក​សុន (Doug Ericksen) និង​តំណាងរាស្ត្រ​លោក វីន​សុន បា​យ្ស (Vicent Buys) ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​យល់ព្រម​បើក​ឡើងវិញ​នូវ​ប្រតិបត្តិការ រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ​។​

​សូម​រំឭកថា កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ កន្លងទៅ សហរដ្ឋអាមេរិក បានប្រកាស​ផ្អាក​ការផ្តល់​ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (​ប្រភេទ​ទេសចរណ៍ និង​ជំនួញ​) ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា ចាប់តាំងពី​ថ្នាក់​អគ្គនាយក​រហូតដល់​ថ្នាក់​កំពូល​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​កិច្ចសហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​កម្ពុជា​វិញ​ផងដែរ ដើម្បី​ឆ្លើយតប​នឹង​ទណ្ឌ​កម្មនេះ​៕