ចាប់ខ្លួន​មនុស្ស​បីនាក់​បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2018 ក+ ក-

​បន្ទាយមានជ័យ ៖ យ៉ាងហោច​មនុស្ស​បីនាក់​ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​បន្ទាប់ពី​សង្ស័យថា​បាន​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​នៅក្នុង​មូលដ្ឋាន​។ ការចាប់ខ្លួន​ធ្វើឡើង​ដោយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​អធិដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​សហការ​ជាមួយ​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​៨០៧​កាលពី​រសៀល​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅនេះ​។

លោក សៅ សារឿន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​បានអោយដឹងថា ជនសង្ស័យ​ដែល​កម្លាំង​សហការ​ឃាត់ខ្លួន​១-​ឈ្មោះ កន ភ័ស ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ក្កឹ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ក្រោយ​ឃាត់ខ្លួន​ដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​១៨២​គ្រាប់ ខៀវ​២​គ្រាប់ និង​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ស​ថ្លា​៣​ថង់ ។

២-​ឈ្មោៈ ឡាំ ត្រេង ហៅ តា​ក្របី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​មាន​ឬ​ទ្ឋឹ ឃុំ​គោក​រមៀត ក្រោយ​ឃាត់ខ្លួន​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​១៥៦​គ្រាប់ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៣​ថង់​តូច​។ រីឯ​ជនសង្ស័យ​ទី​៣-​ឈ្មោះ ទ​ន ថុ​នា ហៅ ថុ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​រក​មិនឃើញ​វត្ថុតាង​ជាប់​ខ្លួន​ទេ​តែ​បានធ្វើ​តេស្ត​លើទឹក​នោម ហើយ​លទ្ធផល​បញ្ជាក់ថា​មាន​ជាប់​សារធាតុ​ញៀន​។

លោក សៅ សារឿន បាន​បន្តថា ក្រោយពី​បានធ្វើការ​សាកសួរ​ចម្លើយ​លើ​ជនសង្ស័យ​ទាំងបី​នាក់​រួចមក​កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ថ្នាំញៀន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នឹង​បានធ្វើ​កំណត់ហេតុ​បិទ​ផ្ទះ​ឈ្មោះ ឡាំ ត្រេង ហៅ​តា​ក្របី ជា​បណ្តោះអាសន្ន​ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​តុលាការ​៕