រដ្ឋសភា​អនុម័ត​ទាំងស្រុង​ថវិកាជាតិ​ឆ្នាំ​២០១៩ ជាង​៦,៧​ពាន់​លាន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2018 ក+ ក-

​ភ្នំពេញ ៖ សម័យប្រជុំ​រដ្ឋសភា​ពេញអង្គ​ក្រោម​វត្តមាន​ដឹកនាំ​ដោយ​សម្តេច​មហា​ពញា​ចក្រី ហេង សំរិន នៅ ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា នេះ បានអនុម័ត​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ គ្រប់គ្រង​ឆ្នាំ​២០១៩​។

​សម្រាប់​ឆ្នាំ ២០១៩ ខាងមុខនេះ រដ្ឋាភិបាល​កម្ពុជា គ្រោង​ចំណាយ​ថវិកាជាតិ​សរុប​ចំនួន ជាង​២១​លាន​លាន​រៀល (២១ ១៦៤ ៩៩៦ លាន​រៀល ) ឬ​ប្រមាណ​ជា ៦,៧ ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​វិស័យ​នានា​របស់ខ្លួន​។ ចំនួន​នេះ​កើនឡើង​១១,៤% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​ប្រមាណ​៦០៣៣​លាន​ដុល្លារ​អាមេរិក​។​

​សូម​រំឭកថា ឯ​.​ឧ​. ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន​អះអាងថា ឆ្នាំ​២០១៩ រដ្ឋា ភិ​បាល​កម្ពុជា មាន​គម្រោង​ខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ​ជិត​២.០០០​លាន​ដុល្លារ ដោយ ឯ​.​ឧ​. បញ្ជាក់ថា ការបង្កើន​ទំហំ​នៃ​ការខ្ចី​នេះ នឹងមិន​បង្កើតជា​បន្ទុក​បំណុល​វ័ណ្ឌក​ដល់​កម្ពុជា​ទេ ព្រោះថា នៅពេលដែល​សេដ្ឋកិច្ច​មានការ​រីកចម្រើន​នោះ សម​ត្ថិ​ភាព​សង​របស់​កម្ពុជា​ក៏មាន​ខ្ពស់ជាង​មុន​ដែរ​៕