មន្ត្រី​ក្រសួងបរិស្ថាន​ព្រមាន ផាកពិន័យ​អ្នក​បោះចោល​សំរាម​ក្នុង​ពិធីបុណ្យ​អុំទូក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2018 ក+ ក-

​ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា ក្រសួងបរិស្ថាន នឹងដាក់​ពង្រាយ​មន្ត្រី និង​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ​៣០០​នាក់ ដើម្បី​ដើរ​ត្រួតពិនិត្យ និង​អប់រំ​ពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ផល​ប៉ះ ពាល់​ដោយសារ​ការបោះ​ចោល​សំរាម ជាមួយនិង​ការព្រមាន​ផាកពិន័យ​ចំពោះ​អ្នក​បោះចោល​សំរាម ផងដែរ​។

​លោក នេត្រ ភក្ត្រា ថ្លែងថា «​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​មាន​អ្នកស្ម័គ្រចិត្ត​ជា​យុវជន ស​.​ស​.​យ​.​ក និង​មន្ត្រី​ប្រមាណ​៣០០​នាក់ ដើម្បី​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​ការគ្រប់គ្រង​សំរាម​ដល់​អាជីវករ ប្រជា​ពល រដ្ឋ ឱ្យ​វេច​ខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​នៅតាម​ទីតាំង​នានា​ដែល​អាជ្ញាធរ​បានកំណត់​ក្នុង រយៈ ពេល​៣ ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​។​

​សូមជម្រាបថា អាជ្ញាធរ បាន​ត្រៀម​ធុងសំរាម​យ៉ាង​ហោចណាស់ ២.០០០​ធុង ទាំង​តូច​ទាំង​ធំ​នឹងត្រូវ​ដាក់ពង្រាយ​តាម​ទីតាំង​នានា​នៃ​បរិវេណ​ប្រារព្ធ​ពិធី ខណៈ​ក្រុមហ៊ុន ស៊ិន​ទ្រី ក៏​នឹងដាក់​ពង្រាយ​កម្មករ​ចំនួន ២៧៤​នាក់ និង​ឡាន​ចំនួន​៤៥​គ្រឿង ដើម្បី​ប្រមូល និង​ដឹក​សំរាម​នៅក្នុង​ពិធី បុណ្យអុំទូក​រយៈពេល​៣​ថ្ងៃ​៕