ខេត្តបាត់ដំបង នឹង​បញ្ជូន​កីឡាករ​២០០​នាក់ និង​ទូក​ឆ្នើម​ ​ចំនួន​៤ ទៅ​ប្រណាំង​នៅ​ភ្នំពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 November, 2018 ក+ ក-

បាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ចាត់​ឲ្យ​មន្ត្រី​ទទួលបន្ទុក បុណ្យអុំទូក​ក្នុង​ខេត្ត ដោយ​កំណត់​រៀបចំ​យក​ទូក​ចំនួន ៤​ទូក របស់​ខេត្តបាត់ដំបង ដើម្បី​ទៅ​ចូលរួម នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​នឹង​រៀបចំ​រយៈពេល ៣​ថ្ងៃ នៅមុខ​ព្រះ​បរម​រាជ​រាំង នា​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងែ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុងពេល​ដ៏​ខ្លី​ឆាប់ៗ​ខាងមុខនេះ​។​

នេះ​បើតាម​ការគូសបញ្ជាក់​ឲ្យ​ដឹង​ពី​លោក ហុង ឆេ​ត មន្ត្រី​សាលាខេត្ត ទទួលបន្ទុក​ដឹកនាំ​ក្រុម កីឡាករ​អុំទូក​របស់​ខេត្តបាត់ដំបង ដែល​គ្រោង​នឹង​ចេញដំណើរ ពី​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១៨ ខែ វិច្ឆិកា នេះ​។

​ឯ​.​ឧ​.​ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង នៅ​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា នេះ បាន​អញ្ជើញ​ជួប សំណេះសំណាល​ជាមួយ​ក្រុម​កីឡាករ​អុំទូក ដែល​ត្រៀម​ចេញទៅ​ប្រកួតប្រណាំង​ក្នុងពេល​ដ៏​ខ្លី ខាង មុខ​នេះ ស្ថិតក្នុង​បរិវេណ​វត្ត ឯក​រង្សី ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

ឯ​,​ឧ បាន​បញ្ជាក់ថា ខេត្តបាត់ដំបង​
​នឹង​នាំយក​ទូក​អុំ ចំនួន​៤​ទូក និង​មាន​កីឡាករ សរុប​ចំនួន ២០០​នាក់​ក្នុងនោះ​កីឡាករ​បំរុង​ចំនួន ៣៨ នាក់​។​ទូក​ដែល​យកទៅ​អុំ​នេះ គឺជា​ទូក​ទទួលបាន​ជ័យលាភី និង​ជាប់​ចំណាត់ថ្នាក់ និង​មាន ល្បឿន លឿន​នៅក្នុង​ការប្រកួត​នៃ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ចេញ​ព្រះវស្សា នៅ​ខេត្តបាត់ដំបង កាលពី​ខែ មុន ដែល អាជ្ញាធរខេត្ត​បាត់ដំបង មាន​ជំនឿ​ទុកចិត្ត​ថា នឹង​ទទួលបាន​ជ័យជម្នះ ក្នុងការ​អុំ​ប្រណាំង នៅ​រាជធានី នា ពេលខាងមុខ​នេះ​។​ទូក​ដែល​យកទៅ​អុំ​នោះ ៖ ១-​ទូក​នរិន្ទ​រង្សី ស្រី​ស​ពិចិត្រ ចំណុះ ៤៩​នាក់ និង​បំរុង​១៤​នាក់​(​សរុប​៦៣ នាក់​) ជា​ទូក​វត្ត​ឯក​រង្សី ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ២-
​ទូក​សុវណ្ណ​ភេត្រា បាត់ដំបង​ស​ជ័យ ចំណុះ​៦៩ និង​បំរុង​៨ នាក់ (​សរុប​៧៧​នាក់​) ក្រុង​-​ខេត្ត បាត់ ដំបង​។ ៣-​ទូក យុវជន ស ជ័យ បារមី​គង្គារ ចំណុះ​២២​នាក់ និង​បំរុង​០៨​នាក់ (​សរុប​៣០​នាក់​) របស់ ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង​។ ៤-​ទូក​តា​តាំង​មានជ័យ បារមី​វត្ត​សង្កែ​វៀរ ចំណុះ​២២​នាក់ និង បំរុង​០៨​នាក់ (​សរុប​៣០​នាក់​) ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ ដោយឡែក គណៈប្រតិភូ​របស់​ខេត្ត បាត់ដំបង ដឹកនាំ​កីឡាករ​មាន​ចំនួន ៣១​នាក់ ដឹកនាំ​ដោយ ឯ​.​ឧ ហឿង សុគន្ធ អភិបាលរង​ខេត្ត​។​

ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​អុំទូក និង​គណៈកម្មការ​ដឹក​នាំ​កីឡាករ ឯ​.​ឧ អភិបាលខេត្ត ក៏បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​បងប្អូន​កូនក្មួយ​ដែលជា​កីឡាករ​ទាំងអស់ ដែល​បាន​លះបង់​ពេលវេលា និង​ក្រុ ម​គ្រួសារ​របស់ខ្លួន ដើម្បី​ត្រៀម​ចេញទៅ​អុំទូក​ប្រកួតប្រជែង​នៅ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ ខាងមុខនេះ ជាមួយនិង​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត ក្នុង ការដណ្តើម​នូវ​ជ័យជម្នះ និង ពាន រង្វាន់​ជ័យលាភី​ជូន​ខេត្ត​ឲ្យ​បាន​។​ឯ​.​ឧ​ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុមការងារ​ដឹកនាំ​ទូក​ទៅ​ប្រកួត​ដោយបាន​ក្រើនរំលឹក​ពេល​ទៅ​ប្រកួត​សូម​ចេះ​ថែរក្សា សុខភាព​ខ្លួន​ឲ្យ​បានល្អ​ប្រសើរ ចៀសវាង​កុំ​ឲ្យ​មាន​ជម្ងឺ​តម្កាត់​ផ្សេងៗ ពេល​ឈឺ​ត្រូវ​ប្រញាប់ប្រញាល់ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដែលមាន​វត្តមាន​ប្រចាំការ ក្នុងការ​ព្យាបាល​បងប្អូន​ផ្ទាល់។

នៅក្នុង​ឱកាស​​នោះ ឯ​.​ឧ ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ក៏បាន​ឧបត្ថម្ភ​ថវិកា​ជា​សោហ៊ុយ​បាយទឹក ក្នុងពេល ធ្វើដំណើរ​ទៅ​ភ្នំពេញ ក្នុង​ទូក​នីមួយៗ​មាន​ថវិកា ១​លាន​រៀល និង​គ្រឿង​ភេសជ្ជៈ​មួយចំនួន​។ ដោយឡែក​របបហូបចុក​នៅ​ភ្នំពេញ រដ្ឋបាលខេត្ត​ក៏បាន​ចាត់តាំង​ឲ្យ​មានការ​ទទួល​រៀបចំ​រួចរាល់ ហើយ​ដែរ ដោយ​មិន​ឲ្យ​កីឡាករ​ព្រួយបារម្ភ​នោះឡើយ​៕