រដ្ឋបាលខេត្ត​ស្ទឹងត្រែង បើក​ព្រឹត្តិការណ៍​ប្រណាំងទូក ង លើក​ទី​២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2018 ក+ ក-

​ស្ទឹងត្រែង ៖ រដ្ឋបាលខេត្ត​ស្ទឹងត្រែង នៅ​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ បាន​ប្រារព្ធ​ពិធី​ប្រណាំងទូក «​ង​» នៅលើ​ផ្ទៃ​ទឹកទន្លេ​សេកុង ទី​រួម​ក្រុង​ស្ទឹងត្រែង ដើម្បី​អបអរ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែត ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដោយមាន​ទូក​ចូលរួម​ប្រណាំង​ចំនួន​១៥​ទូក មកពី​បណ្តា​ក្រុង ស្រុក និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។​

​ពិធី​ប្រណាំងទូក «​ង​» ជា​លើក​ទី​២ នៅ​ខេត្តស្ទឹងត្រែង នេះ ក្រោម​វត្តមាន​អញ្ជើញ​ជា​អធិបតី​ពី​ដោយ លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក ឈឹម រចនា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ថ្នាក់​ដឹក នាំ​ខេត្ត មន្ត្រីរាជការ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ភ្ញៀវ​ជាតិ​-​អន្តរជាតិ សិស្ស​និស្សិត និង​បងប្អូន​ប្រជា​ពល រដ្ឋ យ៉ាងច្រើន​កុះករ​។​

​សូម​រំលឹកថា កាលពី​ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង បានរៀបចំ​ពិធី​ប្រណាំងទូក​«​ង​»​ចំនួន​មួយ​លើក រួចមកហើយ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង​ចាត់ទុកថា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ សម្រាប់​ខេត្ត ព្រោះ​កន្លងមក ពុំ​ដែលមាន​ព្រឹត្តិការណ៍​ប្រណាំងទូក​«​ង​»​ថ្នាក់​ខេត្ត​ធំ​បែប​នេះឡើយ​៕