សំណុំរឿង​លក់​សាំង​មិន​គ្រប់​លីត្រ ១៤​ស្ថានីយ ត្រូវ​បញ្ជូនទៅ​តុលាការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2018 ក+ ក-

​ខេត្តតាកែវ ៖ សំណុំរឿង​ពាក់ព័ន្ធ​ស្ថានីយប្រេងឥន្ធនៈ​ចំនួន​១៤​ស្ថានីយ​ដែល​លក់​មិន​គ្រប់​លីត្រ នៅ​ខេត្តតាកែវ ត្រូវបាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ សម្រេច​រៀបចំ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ជា​បន្តបន្ទាប់​គ្នា​ចាប់តាំងពី​សប្ដាហ៍​កន្លង​ទៅនេះ បន្ទាប់ពី​បាន​រកឃើញថា ស្ថានីយ​ទាំងនោះ​បាន​លក់​ប្រេងឥន្ធនៈ​មិន​គ្រប់​លីត្រ​។
​យោងតាម​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បានបញ្ជាក់​ឲ្យ​ដឹងថា សាខា​កាំកុងត្រូល​ខេត្ត បានរៀបចំ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ដើម្បី​ធ្វើការ​វិនិច្ឆ័យ​រួចហើយ ប៉ុន្ដែ​មិនទាន់​ដឹងថា​តុលាការ​បង្គាប់​ឲ្យ​ផាកពិន័យ​ឬ​យ៉ាងណា​នោះទេ ដែល​នេះ​ជា​សិទ្ធិ​សម្រេច​របស់​តុលាការ​។​
​លោក​បន្តថា តាមរយៈ​ប្រេងឥន្ធនៈ​ដែល​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​វិភាគ​នៅ​មន្ទីរពិសោធន៍​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល ពិតជា​រកឃើញថា ស្ថានីយប្រេងឥន្ធនៈ​ទាំង ១៤ លក់​ប្រេង​មិន​គ្រប់​បរិមាណ និង​មិនមាន​គុណភាព​អនុលោម​តាមច្បាប់​មែន​។​

​លោក​បញ្ជាក់ថា​៖ «​ក្រុមការងារ​នឹង​ចុះ​ពិនិត្យ​ជា​បន្តបន្ទាប់ ហើយ​បើ​រកឃើញ​ស្ថានីយប្រេងឥន្ធនៈ​ណាមួយ​មិន​ប្រក្រតី យើង​នឹង​បញ្ជូន​សំណុំរឿង​ហ្នឹង​ទៅ​តុលាការ​ជា​បន្តបន្ទាប់​ដែរ​។ ការចាត់វិធានការ​នេះ គឺជា​យុទ្ធនា​ការលើក​ទី ១ និង​ជា​សារ​ព្រមាន​ដល់​ម្ចាស់​ស្ថានីយ​ទាំងអស់ ដើម្បី​កែតម្រូវ​មក​តាមច្បាប់​ឡើងវិញ​»៕