សហភាព​អឺរ៉ុប​ឧបត្ថម្ភ​ទូក​ចែវ​នារី​ឈ្មោះ «​ព្រះ​ពៃ​ស្រ​ពណ៌​» មកពី​ខេត្តកំពង់ឆ្នាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2018 ក+ ក-

​ភ្នំពេញ ៖ ឆ្នាំនេះ សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា បាន​ឧបត្ថម្ភ​ទូក​ចែវ​នារី មួយគ្រឿង​ឈ្មោះ «​ព្រះ​ពៃ​ស្រ​ពណ៌​» ដោយ​ឧបត្ថម្ភ​ការ​ស្នាក់នៅ និង​ការហាត់​សម​របស់​ទូក មុនពេល​ចូល​ប្រកួត និង​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត ដែលមាន​រយៈពេល​បី​ថ្ងៃ ដើម្បី​ចូលរួម​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និង សំពះ​ព្រះ​ខែ ដែល​ប្រារព្ធ​ធ្វើឡើង​ក្នុង​រាជធានី​ភ្នំពេញ​។​

​ការឧបត្ថម្ភ​របស់​ស​ហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​នេះ ដោយ​ផ្តល់​ជា​សម្ភារៈ និង អាហារ​សម្រាប់ ក្រុម​ទូក​ចែវ​នារី ឈ្មោះ​ព្រះ​ពៃ​ស្រ​ពណ៌ ដោយមាន​កីឡាការិនី​ចំនួន​៤២​នាក់ មកពី​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។​

​លោក George Edgar ឯកអគ្គរដ្ឋទូត ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ថ្លែងឱ្យដឹងថា ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សហភាព​អឺរ៉ុប មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ដែល​បាន​គាំទ្រ​ប្រពៃណី វប្បធម៌ ដ៏​សំខាន់​នេះ របស់​ប្រទេស​កម្ពុជា ព្រមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​នានា ឱ្យ​ស្ត្រី​នៅ​មូលដ្ឋាន បាន​ចូលរួម​ការអភិវឌ្ឍ ដើម្បី​ភាពស្មើគ្នា​ក្នុងសង្គម​។

​លោក​បញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង សំពះ​ព្រះ​ខែ ជា​ផ្នែក​មួយ​យ៉ាងសំខាន់ នៅក្នុង​វប្បធម៌​របស់​ប្រទេស​កម្ពុជា ជាពិសេស​សម្រាប់​ឆ្នាំនេះ ត្រូវបាន​ជ្រើសរើស​ជា​ឆ្នាំ នៃ​កេរ្តិ៍ដំណែល វប្បធម៌​អឺរ៉ុប ហើយ​ព្រះ​រាជពិធី​នេះ គឺជា​ព្រឹត្តិការណ៍ វប្បធម៌ ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត របស់​ប្រទេស​កម្ពុជា ដោយ​ទាក់ទាញ​មនុស្ស​រាប់លាន​នាក់ មក​រាជធានី​ភ្នំពេញ​។ សហភាព​អឺរ៉ុប​ក៏​ឆ្លៀត​យក​ឱកាស​ដ៏​ពិសេស​នេះ ដើម្បី​ជួយ​ផ្សព្វផ្សាយ​សារ អំពី អំពើហិង្សា​លើ​ស្ត្រី និង​កុមារី​។ អាវយឺត​ដែល​ពាក់​ដោយ​កីឡាការិនី មាន​សារ​សរសេរថា «​និយាយថា​ទេ ចំពោះ​អំពើហិង្សា​លើ​ស្ត្រី​»​។

​លោក​គាំទ្រ​គម្រោង​នានា ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង លើកកម្ពស់​ជីវភាព របស់​ប្រជាជន​កម្ពុជា​។ គម្រោង​ដែល​ឧបត្ថម្ភ​ដោយ​សហភាព​អឺរ៉ុប ចាប់ពី វិស័យ​នេសាទ អប់រំ កសិកម្ម ការប្រែប្រួល​អាកាសធាតុ ជំនួយ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម រហូតដល់​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ និង​សិទ្ធិមនុស្ស កំពុងតែ​ផ្តល់​ប្រយោជន៍ ដល់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ផងដែរ​៕