អាជ្ញាធរ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ថា ស្ថានភាព​អេដស៍​នៅ​កម្ពុជា​​មិនទាន់​ចប់​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2018 ក+ ក-

​ភ្នំពេញ ៖ ថ្វីបើ​កម្ពុជា​ធ្វើ​ឲ្យ​សម្រេចបាន​នូវ​ការកាត់បន្ថយ​ការរីក​រាលដាល​នៃ​មេរោគ​អេ​ដ៍ ជម្ងឺ អេដស៍​គួរកត់សម្គាល់​យ៉ាងណាក្តី ក៏​ស្ថានភាព​នៃ​ជម្ងឺ​មួយ​នេះ​មិនទាន់​ចប់​ទេ​សម្រាប់​កម្ពុជា ពោលគឺ​យើង​មាន​អត្រា​អ្នក​ឆ្លង​ថ្មី​ប្រហែល ៥០០​នាក់ ក្នុង​មួយឆ្នាំ​នៅឡើយ​នា​រយៈពេល​ចុង ក្រោយនេះ​។​

​លោក តែង គ​ន្ធី អគ្គលេខាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍ កាលពី​រសៀល​ថ្ងៃ អង្គារ​ម្សិលមិញ នៅក្នុង​យុទ្ធនា​ការចុះ​អប់រំ​ការយល់ដឹង និង​ការបង្ការ​មេរោគ​អេដស៍​ទៅដល់ ក្រុម​កីឡាករ​ទូក ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ដែល​ត្រូវ​មក​កម្សាន្ត​សប្បាយ​នៅក្នុង​ព្រះ រាជពិធី​បុណ្យអុំទូក អក​សំបុក បណ្តែតប្រទីប សំពះ​ព្រះ​ខែ​នៅ​រាជធានី​ភ្នំពេញ​រយៈពេល​៣ ថ្ងៃ​គឺ ថ្ងៃទី​២១,២២ និង​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ មានប្រសាសន៍ថា តាម​ការបញ្ជាក់​ពី មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍​ថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅនេះ​មាន​អត្រា​អ្នក​ឆ្លង​ថ្មី ប្រហែល ៥០០​នាក់​ក្នុង​មួយឆ្នាំ ដែល​បញ្ហា​នេះ​នៅតែ​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​នៅឡើយ ដោយ មើល​តែ​ពី​ខាងក្រៅ​យើង​ពុំបាន​ដឹងថា តើ​នរណាម្នាក់​មាន​ផ្ទុកមេរោគ​អេដស៍​ទេ​ក្រៅពី​ការធ្វើ តេស្ត​ឈាម ដូច្នេះ​ក្នុងនាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍​ឯកឧត្តម​អគ្គលេខាធិការ តែង គ​ន្ធី បាន​អំពាវ​ដល់​ពលរដ្ឋ​សូមកុំ​ស្ទាក់ស្ទើរ​ក្នុង​ការជួប​ជាមួយ​អ្នកធ្វើការ​ជាមួយ​មេរោគ​អេដស៍ ជម្ងឺអេដស៍ ដើម្បី​ស្វែងយល់​អំពី​ការបង្ការ​មេរោគ​អេដស៍ ជម្ងឺអេដស៍​។​

​ជាមួយគ្នានេះ​លោក តែង គ​ន្ធី បាន​គូសបញ្ជាក់ថា ការប្រើប្រាស់​ស្រោមអនាម័យ នៅតែ​ជា​មធ្យោបាយ​ល្អ​បំផុត​ក្នុងការ​បង្ការ​ការឆ្លង​មេរោគ​អេដស៍ ជម្ងឺ​កាមរោគ​ផ្សេងៗ រួម​នឹង ការបង្ការ​ការ​មាន​ផ្ទៃពោះ​ផងដែរ​សម្រាប់​គូ​ស្វាមីភរិយា​ណា​ដែល​មិនទាន់​ចង់បាន​បុត្រ ឬក៏​ចង់ ពន្យា​កំណើត​នោះ​៕