​ព្រះមហាក្សត្រ យាង​ប្រទាន​ពាន​ជ័យ​ដល់​ទូក​ដែល​ទទួលបាន​ជ័យលាភី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2018 ក+ ក-

​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​រសៀល ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែលជា​ថ្ងៃ​ចុងក្រោយ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ ព្រះអង្គ​ទ្រង់​យាង​ទត​ព្រះ​រាជពិធី​ប្រណាំងទូក នៅលើ​វេទិកា​ព្រះ​ពន្លាជ័យ មុខ​ព្រះបរមរាជវាំង ព្រះអង្គ​ដង​កើ​ដង​ទន្លេសាប​។ ជាមួយគ្នានេះ ព្រះអង្គ​នឹង​ប្រទាន​ពាន​ជ័យលាភី ដល់​ទូក​ដែល​ទទួលបាន​ជ័យលាភី បន្ទាប់ពី​ការប្រណាំង​ចប់​ផងដែរ​។

​លោក ប៊ូ ជុំ​សេរី អនុប្រធាន​គណៈកម្មកា​រប​ច្ចេកទេស និង​ជា​ប្រធាន​គណៈមេប្រយោគ​ការ ប្រកួត ទូក បានបញ្ជាក់​ឥ្យ​ដឹងថា ទូក​ដែល​បានមក​ចូលរួម​ប្រណាំង​នៅ​ឆ្នាំ​២០១៨ នេះ មាន​ចំនួន ២៩៥ ទូក មាន​កីឡាករ កីឡាការិនី​ចំនួន សរុប ១៩.០១៧​នាក់ និង​កម្លាំង​ត្រៀម​បំរុង​ចំនួន ៣.៥២៥​នាក់​។

​លោក ប៊ូ ជុំ​សេរី បន្ថែមថា ចំនួន​ទូក​ចូលរួម​ឆ្នាំនេះ គឺ​ច្រើនជាង​ឆ្នាំមុន ចំនួន​២៥​ទូក ខណៈដែល​ឆ្នាំ មុន​មានតែ​២៧០​ទូក ក្នុងនោះ​មាន​ទូក​អុំ​បុរស​ចំនួន​១៦៣​ទូក​, ទូក​អុំ​នារី​ចំនួន​១​ទូក​, ទូក​ចែវ បុរស ចំនួន ៣២​ទូក​, ទូក​ចែវ​នារី​មាន​ចំនួន ១​ទូក​, ទូក​អុំ​ខ្នាត​អន្តរជាតិ​បុរស​៩៦​ទូក និង​ទូក​អុំ​ខ្នាត អន្តរ ជាតិ​នារី​ចំនួន​០២​ទូក​។ ក្នុងចំណោម​ទូក​ទាំង​២៩៥​ទូក ដែល​បានមក​ចូលរួម​ប្រកួត​នា​ឆ្នាំនេះ មាន ទូក​របស់​រាជធានី​ភ្នំពេញ​ចំនួន​៤៦​ទូក​, ខេត្តកណ្ដាល​៧៣​ទូក​, កំពង់ចាម​៤០​ទូក​, ត្បូងឃ្មុំ​៩ ទូក​, កំពង់ធំ​១០​ទូក​, ព្រៃវែង​៤២​ទូក​, កំពង់ឆ្នាំង​២៩​ទូក​, ក្រចេះ​១៥​ទូក​, តាកែវ​៤​ទូក​, ខេត្ត បាត់ ដំបង ៤​ទូក​, ខេត្ត​ស្វាយ​រៀ​មាន​២​ទូក​, បន្ទាយមានជ័យ​១​ទូក​, ព្រះវិហារ​២​ទូក​, ខេត្ត​មណ្ឌល​គី​រី​១ ទូក​, ខេត្តស្ទឹងត្រែង​១​ទូក​, ខេត្តកំពត​១​ទូក​, ខេត្តកំពង់ស្ពឺ​៣​ទូក​, ខេត្តពោធិ៍សាត់​៣​ទូក​, ទីស្ដីការ គណៈ រដ្ឋមន្ត្រី​១​ទូក​, បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក​២​ទូក​, បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​១​ទូក​, កង​រាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មាន​២​ទូក​, កីឡា​នគរបាលជាតិ​១​ទូក និង​វត្ត​ម​ហោ​ន​ន្ទិ​យ​នេ​ញ្ច​រា​រាម​និ​វេទ (​ហៅ​វត្ត​ព្រែក​ប្រាំង​) ចំនួន​៤​ទូក​ផងដែរ​។

​មន្ត្រី​រូបនេះ​បាន​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃ​បិទ​បញ្ចប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​អក អំបុក សំពះ​ព្រះ​ខែ នេះ ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​បាន​យាង​ប្រទាន​ពាន​ជ័យលាភី ជូន​កីឡាករ​ទូក ង ដែល​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួតប្រណាំង​អស់​រយៈពេល​បី​កន្លងមកនេះ​ផងដែរ​។​
​សូមជម្រាបថា ២​ថ្ងៃ​ដំបូង​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក គឺ​ថ្ងៃទី​២១ និង ២២ ខែវិច្ឆិកា មាន​ករណី​លិច​ទូក ចំនួន ៨​លើក ក្នុងនោះ នៅ​ថ្ងៃ​ដំបូង មាន​៧​លើក និង​ថ្ងៃទី​២ មាន ១​លើក តែ​មិន​បង្ក​ឲ្យ​មាន គ្រោះ ថ្នាក់​ដល់​មនុស្ស​ទេ​។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំថ្ងៃ​២១ និង​២២ វិច្ឆិកា របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ​៕